(ភ្នំពេញ)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា ( AHF) នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះនឹងរៀបចំពិធីអបអរសាទរសមិទ្ធផលជាប្រវត្តិសាស្រ្តរបស់អង្គការ ដើម្បីរំលឹកដល់សមិទ្ធិផល ដ៏ធំធេងក្នុងបេសកកម្មរបស់ខ្លួនក្នុងការផ្តល់ឱសថ និងការថែទាំ និងការតស៊ូមតិដោយមិនគិតពីលទ្ធភាពបង់ប្រាក់ ដែលបានដល់ ២លាននាក់ រស់នៅក្នុងការថែទាំ របស់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ នៅទូទាំងពិភពលោក។
ពិធីនេះនឹងមានការរៀបចំព្រមៗគ្នា ដោយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ពិភពលោកចំនួន ៤៧ប្រទេស ដោយឡែកនៅប្រទេសកម្ពុជា និងធ្វើឡើងនៅកសិដ្ឋានអាហារសុខភាពស្ថិតនៅភូមិព្រែកត្រែង ឃុំសម្រោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយមានការចូលរួមពីបុគ្គលិករដ្ឋាភិបាល និងប្រជាពលរដ្ឋជាង ១៥០នាក់ រួមមាន៖ មណ្ឌលកុមារកំព្រា ក្មេងស្រី ក្រុមបុរសស្រឡាញ់បុរស អ្នករងផលប៉ះពាល់ និងរស់នៅជាមួយមេរោគអេដស៍។
ស្ថិតនៅក្នុងពិធីអបអរសាទរដែលនឹងឈានដល់នាពេលឆាប់ៗខាងមុខនេះលោក Michael Weinstein ប្រមុខដឹកនាំអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ពិភពលោក បានឱ្យដឹងថា យើងមានមោទនៈភាពយ៉ាងក្រៃលែងដែលបានឈានដល់ដំណាក់កាលជាប្រវត្តិសាស្ត្រនេះ។
លោក Michael Weinstein បានឱ្យដឹងទៀតថា នៅពេលដែលយើងចាប់ផ្តើមកម្មវិធីសកលរបស់យើងកាលពីជាង២០ឆ្នាំមុន នៅក្នុងប្រទេសអាហ្វ្រិកចំនួនពីរ ដែលប្រទេសនីមួយៗមានអ្នកជំងឺ១០០នាក់។ ពួកយើងមិននឹកស្មានថា ថ្ងៃណាមួយយើងនឹងផ្តល់សេវាដល់ជីវិតមនុស្ស ២លាននាក់ ក្រោមការយកចិត្តទុកដាក់របស់យើងនៅជុំវិញពិភពលោក។ នេះជាកិត្តិយស និងជាសក្ខីភាពមួយចំពោះការលះបង់ និងការខិតខំប្រឹងប្រែងរបស់បុគ្គលិកដៃគូនិងអ្នកស្ម័គ្រចិត្តរបស់យើង ដែលខិតខំប្រឹងប្រែងដោយមិនចេះនឿយហត់ ក្នុងការធ្វើឱ្យមានការផ្លាស់ប្តូរក្នុងជីវិតរបស់អ្នកដែលរងផលប៉ះពាល់ ដោយមេរោគអេដស៍/ ជំងឺអេដស៍ជារៀងរាល់ថ្ងៃ។
សូមបញ្ជាក់ថា ដើម្បីជាកិត្តិយសដល់ការជួយដល់មនុស្ស ២លាននាក់ក្នុងការថែទាំ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ប្រារព្ធពិធីអបអរសាទរដោយមានជូនជាអំណោយ ដែលជាផលិតផលអាហារសុខភាព របស់គម្រោងអាហារសុខភាព ដល់ប្រជាពលរដ្ឋជាង ១៥០នាក់ រួមមាន៖ មណ្ឌលកុមារកំព្រា អ្នករងផលប៉ះពាល់ និងរស់នៅជាមួយមេរោគអេដស៍ និងជាការតស៊ូមតិ សម្រាប់ការគាំទ្រដល់ការជួយសង្គ្រោះជិវីតដែលកំពុង ត្រូវការការថែទាំ និងព្យាបាល។
សូមជម្រាបថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ គឺជាអង្គការពិភពលោកដ៏ធំបំផុតដែលបាននិងកំពុងផ្តល់សេវាថែទាំព្យាបាលដោយមិនគិតពីលទ្ធភាពនៃការបង់ប្រាក់ដល់អតិថិជន ២លាននាក់ក្នុង ៤៧ប្រទេសជុំវិញពិភពលោកដូចជា៖ នៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន ការាបៀន តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប។ ដើម្បីស្វែងយល់បន្ថែមអំពី អង្គការAHF សូមចូលទៅកាន់គេហទំព័រ៖ www.aidshealth.org (http://www.aidshealth.org/)៕