(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាប្រធានការិយាល័យទំនាក់ទំនងព្រំដែន BLO បាវិត តំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលកំណត់ហេតុកិច្ចសហការរវាងការិយាល័យ BLO ម៉ុកបាយ (តៃនិញ) ជាមួយការិយាល័យ BLO បាវិត (ស្វាយរៀង) និងការិយាល័យ BLO ស្មាច់ (តៃនិញ) ជាមួយការិយាល័យ BLO ត្រពាំងផ្លុង (ត្បូងឃ្មុំ) នៅខេត្តតៃនិញ ប្រទេសវៀតណាម។
ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីលោកអភិបាលក្រុងបាវិត លោកឧត្តមសេនីយ៍ត្រី ស្នងការរងនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី នាយប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត លោកប្រធានការិយាល័យគយ និងរដ្ឋាករបាវិត លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត លោក មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកនាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត លោកប្រធានក្រុមនគរបាលប្រចាំការិយាល័យ BLO លោកវរសេនីយ៍ទោ មេបញ្ជាការវរនគរបាលការពារព្រំដែន៦០៩ លោកវរសេនីយ៍ឯកមេបញ្ជាការវរនគរបាលការពារព្រំដែន៦១១ ព្រមទាំងលោក លោកស្រី មន្ដ្រីមន្ទីរ-អង្គភាព ពាក់ព័ន្ធមួយចំនួនថែមទៀត។
លោកបណ្ឌិត តូច ប៉ូលីវ៉ា បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្តស្វាយរៀង និងថ្នាក់ដឹកនាំនៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្វាយរៀង ពិតជាមានសេចក្តីសោមនស្សរីករាយ បានដឹកនាំគណៈប្រតិភូខេត្តស្វាយរៀង ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្ត កំណត់ហេតុកិច្ចសហការបង្ការ ទប់ស្កាត់បទល្មើសគ្រឿងញៀន ដែលបានចុះក្នុងកំណត់ហេតុកិច្ចសហប្រតិបត្តិការ រវាងការិយាល័យទំនាក់ទំនងព្រំដែន BLO បាវិត ខេត្តស្វាយរៀង នៃព្រះរាជាណាចក្រកម្ពុជា និងការិយាល័យទំនាក់ទំនងព្រំដែន BLO ម៉ុកបាយ ខេត្តតៃនិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នាឱកាសនេះ។
បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេប ស្តីពីលទ្ធផលអនុវត្តលើកំណត់ហេតុ កិច្ចសហការរវាងបណ្តាការិយាល័យ BLO ម៉ុកបាយ (ខេត្តតៃនិញ) ជាមួយការិយាល័យ BLO បាវិត (ខេត្តស្វាយរៀង) និងការិយាល័យ BLO សាម៉ាត និងការិយាល័យ BLO ត្រពាំងផ្លុង (ខេត្តត្បូងឃ្មុំ) លោកបានឯកភាព និងវាយតម្លៃខ្ពស់ចំពោះ ការខិតខំប្រឹងប្រែងរបស់គ្រប់កម្លាំង សមត្ថកិច្ចជំនាញនៃប្រទេសទាំងពីរ និងអាជ្ញាធរជាប់ព្រំដែន ដែលបានយកចិត្តទុកដាក់ផ្តល់កិច្ចសហការ និងទំនាក់ទំនងគ្នាបានយ៉ាងល្អប្រសើរ។
កិច្ចសហការល្អនេះ ដើម្បីជំរុញឲ្យការអនុវត្តសកម្មភាពព្រមគ្នា សម្រេចបានក្នុងការចាត់វិធានការ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែនខុសច្បាប់ និងបទល្មើសផ្សេងៗទៀត ឆ្លងកាត់ព្រំដែននាពេលកន្លងមក និងសូមគាំទ្រលើខ្លឹមសារ កំណត់ហេតុ កិច្ចសហការរវាងការិយាល័យ BLO បាវិត (ខេត្តស្វាយរៀង) ជាមួយការិយាល័យ BLO ម៉ុកបាយ (ខេត្តតៃនិញ) ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារបង្រ្កាបបទល្មើសគ្រឿងញៀនរវាងខេត្តពីរ ដែលជាក្របខណ្ឌ និងជាទិសដៅសហការអនុវត្តផែនការសកម្មភាព នាពេលខាងមុខផងដែរ៕