(ភ្នំពេញ)៖ ប្រតិភូអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង និងប្រតិភូសាកលវិទ្យាល័យដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ បានជួបពិភាក្សាគ្នានៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ ដើម្បីពិភាក្សាការងារផ្សព្វផ្សាយអប់រំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន។
ក្រោយពីជជែកពិភាក្សាប្រតិភូ នៃអង្គភាពទាំងពីរបានឯកភាពដូចតទៅ៖ ទី១៖ រៀបចំវគ្គផ្សព្វផ្សាយអប់រំពីផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀនដល់សិក្ខាកាម, ទី២៖ បង្កើតក្រុមការងាររួមរវាងអង្គភាពទាំងពីរដើម្បីរៀបចំ និងផ្សព្វផ្សាយឯកសារគោលពីបញ្ហាគ្រឿងញៀន និងទី៣៖ បណ្តុះបណ្តាលគ្រូបង្គោល និងជនបង្គោលដើម្បីបង្រៀន និងផ្សព្វផ្សាយអប់រំបន្តក្នុងជួរកងកម្លាំងខេមរភូមិន្ទ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាការងារអាទិភាពដើម្បីដោះស្រាយទុក្ខកង្វល់ប្រជាពលរដ្ឋ និងមានឆន្ទៈដ៏មោះមុតក្នុងការ កាត់បន្ថយ និងឈានទៅលុបបំបាត់បញ្ហាគ្រឿងញៀនឲ្យអស់ពីកម្ពុជា។
ផ្អែកលើមូលដ្ឋាននេះ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់ការងារផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនជាវិធានការអាទិភាព ព្រមទាំងបានសំណូមពរឲកហមានការចូលរួមសកម្មផុលផុសពីក្រសួង ស្ថាប័ន អង្គភាពរដ្ឋបាល ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕