(ភ្នំពេញ)៖ ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងធនាគារអភិវឌ្ឍន៍ជនបទ និងដើម្បីជួយលើកកំពស់តំលៃស្រូវខ្មែរ ក៏ដូចជាជួយដល់កសិករខ្មែរ លោក អ៉ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ បានបញ្ជាទិញអង្ករសែនក្រអូប ចំនួន១០តោន ដើម្បីចែកចាយប្រជាពលរដ្ឋតាមរយៈ កាកបាទក្រហម សាខាខេត្តប៉ៃលិន។

ធនាគារអភិវឌ្ឍន៍ជនបទ បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមជួយទិញអង្ករ របស់កសិករខ្មែរ ទោះ១បាវក្តី ២បាវក្តី ឬច្រើនជាងនេះក្តី ដើម្បីជួយគាំទ្រកសិផលខ្មែរ និងកសិករដែលកំពុងជួបការលំបាក ពាក់ព័ន្ធតម្លៃស្រូវធ្លាក់ចុះ។

* សូមបញ្ជាក់ថា៖ ធនាគារស្រូវ និងក្រុមហ៊ុន Amru Rice ព្រមទាំង អង្គភាពព័ត៌មាន Fresh News បានចូលរួមសហការ ដើម្បីបើកយុទ្ធនាការលក់អង្ករ ជូនប្រជាពលរដ្ឋ ដើម្បីដោះស្រាយវិបត្តិតម្លៃស្រូវធ្លាក់ចុះ។ តម្លៃស្តង់ដារលក់អង្ករសែនក្រអូប ទូទាំងប្រទេសចំនួន ៥៤០ដុល្លារក្នុងមួយតោន ដោយមិនទាន់គិតតម្លៃដឹកជញ្ជូន។

ប្រសិនបើបងប្អូនប្រជាពលរដ្ឋ មានបំណងចង់ចូលរួមទិញអង្ករ ដើម្បីជួយលើកកំពស់តំលៃស្រូវរបស់ប្រជាកសិករ ក៏ដូចជាជួយដល់កសិករខ្មែរ​ សូមទំនាក់ទំនងមកកាន់ធនាគារស្រូវ និងជាមួយនឹងរោងម៉ាស៊ីនកិនស្រូវ Amru Rice ទូរស័ព្ទលេខ៖ 078 777 669 - 012 90 4444។ Fresh News នឹងចូលរួមផ្សព្វផ្សាយ បញ្ជីឈ្មោះបងប្អូនប្រជាពលរដ្ឋនៅលើ Fresh News៕