(កំពង់ចាម)៖ មជ្ឈមណ្ឌលវិបស្សនាទួលសំបូរ នៃវត្តផ្ទះកណ្ដាល នឹងក្លាយជាទីវិបស្សនាបដិបត្តិធម៌ដ៏ធំមួយសម្រាប់ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋទូទៅ ដែលមានទីតាំងស្ថិតនៅឃុំផ្ទះកណ្ដាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
មជ្ឈមណ្ឌលវិបស្សនាទួលសំបូរ ត្រូវបានបង្កើតឡើងក្រោមកិច្ចខិតខំរបស់ព្រះគ្រូរតនសត្ថា សែម សុវាសនា ប្រធានមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកំពង់ចាម ព្រះវិន័យធម៌ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងជាព្រះគ្រូចៅអធិការវត្តផ្ទះកណ្ដាល។
មជ្ឈមណ្ឌលវិបស្សនាទួលសំបូរ មានចម្ងាយប្រមាណ១៨០០ម៉ែត្រពីវត្តផ្ទះកណ្ដាល។ បច្ចុប្បន្នកំពុងមមាញឹកក្នុងរៀបចំនូវហេដ្ឋារចនាសម្ពន្ធ និងសំណង់នានា តួយ៉ាងក្នុងពេលពីរបីថ្ងៃមកនេះ មានការបើកផ្លូវទៅកាន់មជ្ឈមណ្ឌលវិបស្សនានេះ ដែលអាជ្ញាធរស្រុក អាជ្ញាធរឃុំបានពង្រីកផ្លូវបន្ថែមដែលមានប្រវែងទទឹង១០ម៉ែត្រ និងកំពុងត្រួសត្រាយបណ្ដើរៗ ដើម្បីឱ្យកាន់តែងាយស្រួលក្នុងការធ្វើដំណើរចូលទៅកាន់មជ្ឈមណ្ឌលវិបស្សនាទួលសម្បូរនោះ។
ចំណែកនៅបរិវេណមជ្ឈមណ្ឌលវិបស្សនាទួលសម្បូរ ក៏បានបុកគ្រឹះរួចខ្លះហើយ នៅឡើយតែធ្នឹម និងជើងតាងនៃសំណង់ព្រះចូឡាមណីចេតិយ ដែលកំពុងតែមានការខ្វះខាតមិនទាន់មានថវិកា ឬបច្ច័យចូលរួមកសាងបន្ត។ ដូច្នេះហើយព្រះគ្រូរតនសត្ថា សែម សុវាសនា ក៏បានចម្រើនពរអំពាវនាវដល់សប្បុរសជន ឬពុទ្ធបរិស័ទជិតឆ្ងាយ ដែលមានសទ្ធាជ្រះថ្លាចូលរួមក្នុងការកសាងសមិទ្ធផលនេះ ក៏សូមចូលរួមតាមការជ្រះថ្លាជាមួយមជ្ឈមណ្ឌលវិបស្សនាទួលសម្បូរនេះ ដើម្បីជាប្រយោជន៍ដល់ពុទ្ធបរិស័ទក្នុងការមកធ្វើវិបស្សនាបដិបត្តិធម៌ នៅពេលសាងសង់រួចនោះ។
ព្រះគ្រូរតនសត្ថា សែម សុវាសនា ប្រធានមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកំពង់ចាម ព្រះអង្គមានថេរដីកាថា ការធ្វើវិបស្សនា គឺផ្ដល់អានិសង្ឃច្រើនណាស់ដល់បុគ្គលអ្នកបដិបត្តិ ប៉ុន្តែអានិសង្ឃដែលអស្ចារ្យបំផុតអាចរាប់ថាមាន៥ធំៗ៖ បាននូវអាយុវែង បាននូវសេចក្ដីសុខ បាននូវកម្លាំង បាននូវបញ្ញា បាននូវភាពវាងវៃ ពិសេសគឺធ្វើឱ្យកាយនិងចិត្តរបស់បុគ្គលអ្នកបដិបត្តិកើតមានសេចក្ដីសុខ សេចក្ដីស្ងប់។
ព្រះគ្រូប្រធានមានថេរដីកាបន្តថា មនុស្សម្នាក់ៗ ប្រសិនបើមិនបានអប់រំតាមគន្លងមាគ៌ាព្រះពុទ្ធសាសនាទេ នោះចិត្តរបស់មនុស្សនោះនឹងកើតមានភាពរាយមាយ មិនបានស្ងប់ទេ ម្ល៉ោះហើយការបដិបត្តិធម៌ពុទ្ធសាសនានេះ នឹងជួយឱ្យចិត្តរបស់មនុស្សមានភាពស្ងប់សុខ បានតាំងនៅក្នុងឯតកត្តា ឬភាពនៃចិត្តមូលតែមួយ មិនមានអារម្មណ៍រំខានពីខាងក្រៅនោះទេ។
ម្យ៉ាងវិញទៀត ការធ្វើវិបស្សនាបដិបត្តិធម៌នេះដែរ មិនត្រឹមតែធ្វើឱ្យផ្លូវចិត្តមានភាពស្ងប់សុខនោះទេ តែក៏ជួយព្យាបាលផ្លូវកាយបានផងដែរ ប្រៀបដូចមានឱសថមកជួយព្យាបាលរាងកាយយ៉ាងដូច្នេះដែរ, នេះបើងតាមថេរដីកាបន្ថែមរបស់ព្រះគ្រូរតនសត្ថា សែម សុវាសនា៕