(រតនគិរី)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានបន្ដបេសកកម្មចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពរបស់មណ្ឌលសុខភាពស្រែអង្គ្រង, មន្ទីរពេទ្យបង្អែកខេត្ដរតនគិរី និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីសុខាភិបាលផងដែរ ដែលមានការអញ្ជើញចូលរួមដោយផ្ទាល់ ពីអភិបាលខេត្ដរតនគិរី លោក ញ៉ែម សំអឿន។
បេសកកម្មខាងលើបានធ្វើឡើង បន្ទាប់ពីលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ឈាង រ៉ា បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលមកទទួលសេវាសុខាភិបាលនៅតាមមូលដ្ឋានសុខាភិបាល នៅខេត្ដស្ទឹងត្រែង កាលពីព្រឹកមិញនេះ។
ក្នុងកិច្ចសំណេះសំណាលជាមួយមន្រ្តីរាជការ និងបុគ្គលិក នៃមន្ទីរសុខាភិបាលខេត្តរតនគិរី លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងអំណរគុណ និងកោតសរសើរ ជូនចំពោះមន្រ្តីរាជការ និងបុគ្គលិកនៃមន្ទីរសុខាភិបាលខេត្តរតនគីរីទាំងអស់ ដែលបានបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋប្រកបដោយស្មារតីក្រមសីលធម៌វិជ្ជាជីវៈខ្ពស់កន្លងមក ទោះក្នុងកាលៈទេសៈដ៏លំបាកនៃការរីករាលដាលជំងឺកូវីដ-១៩ ក៏ដោយ។
លោកសាស្ដ្រាចារ្យ បានថ្លែងបន្ដថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានចេញដំណើរប្រកបដោយភាពស្វាហាប់ បានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះជ្រុងទី១នៃបញ្ចកោណ ផ្តោតសំខាន់ធនធានមនុស្ស។ ជាពិសេសការឈានទៅដល់ការគ្របដណ្ដប់សុខភាពជាសកលនៅឆ្នាំ២០៣៥។
លោករដ្ឋមន្ដ្រីបន្ដថា ក្នុងទិសដៅនេះ ក្រសួងសុខាភិបាល បាននឹងកំពុងជំរុញការលើកកម្ពស់គុណភាពនៃការផ្តល់សេវាតាមរយៈការបណ្តុះបណ្តាល និងការពង្រឹងសមត្ថភាពធនធានមនុស្ស នៅគ្រប់គ្រឹះស្ថានសុខាភិបាល និងផ្នែកអមវេជ្ជសាស្រ្ត ជាពិសេសមន្ទីរពិសោធន៍ ទាំងសាធារណៈ និងឯកជន ដើម្បីធានាភាពជាដៃគូប្រកបដោយប្រសិទ្ធភាព រវាងរដ្ឋនិងឯកជន។ ដូច្នេះដើម្បីសម្រេចបាននូវគោលដៅនេះ និងឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសាកលនាឆ្នាំ២០៣៥ ក្រសួងសុខាភិបាលបានកំណត់អាទិភាព ចំនួន៩ ចំណុច កាលពីដើមអាណត្ដិកន្លងទៅនេះ។
ទី១៖ បង្កើនគុណភាពនៃការអប់រំ បញ្ហាសុខភាពជូនប្រជាពលរដ្ឋ ព្រោះការពារសុខភាពជារឿងដ៏សំខាន់ ដូចនេះលោករដ្ឋមន្ដ្រីបានជំរុញលើកទឹកចិត្ដដល់មន្ដ្រីសុខាភិបាលទាំងអស់ ប្រឹងប្រែងបន្ដទៀត ,
ទី២៖ យុទ្ធសាស្ដ្រប្រយុទ្ធនឹងជំងឺឆ្លង ក្នុងនោះការលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងនៅឆ្នំា២០២៥, កាត់បន្ថយជំងឺរបេង, ជំងឺអេដស៍, និងជំងឺស្វាយ,
ទី៣៖ ការទប់ស្កាត់ជំងឺរាលដាលជាសកល ដែលអាចកើតឡើងជាយថាហេតុ បន្ទាប់ពីជំងឺកូវីដ១៩ ដូច្នេះលោកបានស្នើឱ្យមានការរៀបចំផែការយុទ្ធសាស្ដ្រត្រៀមទាំងកម្លាំង និងមធ្យោបាយ ព្រោះខេត្ដរតនគិរី នៅជាប់ព្រំដែន ដែលប្រឈមនឹងហានិភ័យជាងគេ,
ទី៤៖ ប្រយុទ្ធនឹងជំងឺមិនឆ្លង ដូចជាជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម ជំងឺមហារីក ជំងឺបេះដូង,
៥៖ ប្រការប្រយុទ្ធនឹងផលប៉ះពាល់ដល់សុខភាព បណ្តាលមកពីការប្រែប្រួលអាកាសធាតុ,
៦៖ ធ្វើឱ្យកាន់តែប្រសើរឡើងការពិនិត្យព្យាបាលទូលំទូលាយនៅក្នុងសហគមន៍ ក៏ដូចជាធ្វើឱ្យកាន់តែប្រសើរឡើង កម្មវិធីគាំពារសង្គម ដូចជា ប.ស.ស មូលនិធិសមធម៌ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានស្នើឱ្យមន្ដ្រីសុខាភិបាលទាំងអស់ បម្រើសេវាសុខភាពជូនប្រជាពលរដ្ឋដែលកាន់បណ្ណនេះ ឱ្យបានកាន់តែប្រសើរ,
៧៖ លើកកម្ពស់គុណភាពសេវាថែទាំសុខភាព ទាំងសេវាសាធារណៈ និងការធ្វើនិយ័តកម្មសេវាឯកជន ដើម្បីឱ្យក្លាយជាដៃគូរបស់សេវាសាធារណៈ ក្នុងនោះលោករដ្ឋមន្ដ្រីបានសំណូមពរដល់មន្ដ្រីក្រោមឱវាទ ត្រូវបុរេសកម្ម កុំចាំដល់ពេលមានរឿងហើយ ឬមានករណីស្លាប់ប្រជាជនយើងហើយ ទើបចុះទៅបិទ,
៨៖ អភិវឌ្ឍន៍ធនធានមនុស្សសុខាភិបាលទូទាំងប្រទេស ដើម្បីបញ្ជូនអ្នកជំនាញឱ្យដល់មូលដ្ឋាន ពោលគឺបង្ខិតសេវាឱ្យកាន់តែគៀកប្រជាពលរដ្ឋ
និងទី៩៖ ការអភិវឌ្ឍន៍សុខាភិបាលឌីជីថល ដែលខណៈនេះក្រសួងសុខាភិបាល ក៏បានដាក់ប្រើប្រាស់នូវទំនាក់ទំនងការងារដល់មន្ដ្រីរបស់ខ្លួនទូទាំងប្រទេស
លោកសាស្ដ្រាចារ្យថ្លែងបន្ដថា «យៈពេលជិត ១១ខែកន្លងមកនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ បានសម្រេចនូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ជាក់ស្តែង ដូចជាការធានាបាននូវនិរន្តរភាពសុខសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ក្នុងដំណើរប្រកបដោយភាពស្វាហាប់ ស័ក្តសមជារាជរដ្ឋាភិបាលបន្តវេន។
ចំពោះវិស័យសុខាភិបាល រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគណកម្មការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ដែលមានសកម្មភាពមួយចំនួន ទាមទារការចូលរួមយ៉ាងសកម្មរបស់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ រួមទាំងមន្ទីរសុខាភិបាលខេត្តរតនគីរី ដែលរួមមានពិនិត្យ និងកែសម្រួលសេចក្តីណែនាំបច្ចេកទេសសំខាន់ៗ ដូចជា បញ្ជីឱសថសារវ័ន្ត និងបញ្ជីស្តង់ដារឧបករណ៍ វេជ្ជសាស្រ្ត សម្រាប់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ប្រព័ន្ធបញ្ជូនអ្នកជំងឺ សំណុំសកម្មភាពអប្បបរមាសម្រាប់មណ្ឌលសុខភាព និងសំណុំសកម្មភាព បង្គ្រប់សម្រាប់មន្ទីរពេទ្យបង្អែក ពិធីសារព្យាបាល ជំងឺឡើងសម្ពាធឈាម និងជំងឺទឹកនោមផ្អែម កញ្ចប់សេវាសុខភាព និងអត្ថប្រយោជន៍ផ្សេងទៀត នៃមូលនិធិសមធម៌។
«ដូច្នេះក្នុងឱកាសជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងបុគ្គលិក នៃមន្ទីរសុខាភិបាលខេត្តរតនគិរី លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានផ្ដល់អនុសាសន៍ណែនាំ ចំនូន ១០ចំណុច ដល់មន្ដ្រីសុខាភិបាលខេត្ដរតនគិរី ដើម្បីជាគន្លឹះក្នុងការអនុវត្ដន៍ការងារប្រកបដោយប្រសិទ្ធភាព និងបុរេកម្ម ពិសេសសំដៅដល់ការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ឱ្យបានល្អបន្ថែមទៀតលើកិច្ចការងារដែលបានប្រឹងប្រែងកន្លងមកនេះ»។
ជាការឆ្លើយតប មន្ដ្រីសុខាភិបាលនៃខេត្ដរតនគិរី បានប្ដេជ្ញាចិត្ដខ្ពស់ និងខិតខំប្រឹងប្រែងបំពេញកិច្ចការងារដោយការទទួលខុសត្រូវខ្ពស់ ដើម្បីផ្ដល់ទាំងទំនុកចិត្ដ និងភាពកក់ក្ដៅជូនអ្នកជំងឺ និងគ្រួសារអ្នកជំងឺផងដែរ។
សូមជម្រាបបថា បន្ទាប់ពីបញ្ចប់កិច្ចសំណេះសំណាលនេះ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានដឹកនាំប្រតិភូសុខាភិបាលទាំងយប់ បន្ដដំណើរឆ្ពោះទៅពិនិត្យមណ្ឌលសុខភាពពូជ្រៃ ខេត្ដមណ្ឌលគិរី ដែលជាខេត្ដទី៤ ក្នុងបេសកកម្មការងាររយៈពេល ៣ថ្ងៃទី១៨-២០ ទៅលើខេត្ដចំនួន ៥ រួមមាន៖ ខេត្ដក្រចេះ, ស្ទឹងត្រែង, រតនគិរី, មណ្ឌលគិរី និងខេត្ដត្បួងឃ្មុំ៕