(កោះកុង)៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណេីរដោយថ្នាក់ដឹកនាំក្រសួង បានអញ្ជេីញទស្សនកិច្ចមជ្ឈមណ្ឌលសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង ស្ថិតនៅភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង។
ដំណើរបេសកកម្មរបស់រដ្ឋមន្ត្រីក្រសួងកសិមម្ម មានគោលដៅពិនិត្យមេីលអំពីលទ្ធភាពបង្កកំណេីត និងបង្កាត់ពូជត្រីនាគ និងសត្វកម្រផ្សេងៗទៀតនៅក្នុងតំបន់ស្ទឹងអារ៉ែង ដេីម្បីបង្កេីនចំនួននៃសត្វទាំងនេះ នៅក្នុងធម្មជាតិ។
គួរបញ្ជាក់ជូនថា ត្រីនាគត្រូវបានចាត់ចូលជាប្រភេទត្រីជិតផុតពូជនៅក្នុងប្រទេសកម្ពុជា ខណៈពិភពលោកចាត់ទុកត្រីប្រភេទនេះ ចូលទៅក្នុងឧបសម្ព័ន្ធ១ នៃអនុសញ្ញាសាយតេស (CITES)។ បើតាមការស្រាវជ្រាវ កម្ពុជាមានត្រីនាគមេពូជប្រមាណជាង ៥០ក្បាលតែប៉ុណ្ណោះ នៅតាមតំបន់ស្ទឹងអារ៉ែង។
ជាការកត់សម្គាល់ នៅក្នុងដំណើរបេសកកម្មនេះដែរ លោករដ្ឋមន្ត្រី ឌិត ទីណា បានជួបសំណេះសំណាលជាមួយសមាជិកសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង និងបានណែនាំដល់សហគមន៍ឱ្យយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាធនធានធម្មជាតិ និងធនធានជលផល។
ទន្ទឹមនឹងនេះ លោក ឌិត ទីណា បានគូសបញ្ជាក់ថាក្រសួងនឹងសហការជាមួយដៃគូនានា ក្នុងការចូលរួមការពារថែរក្សាធនធានព្រៃឈេី សត្វព្រៃ និងជលផល ឱ្យកាន់តែមានប្រសិទ្ធភាព និងមាននិរន្តរភាព៕