(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតជូន លោក តូ ឡឹម ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ លោក Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម។
ក្នុងសារលិខិតសម្តេចតេជោ ហ៊ុន សែន ពិតជាមានក្តីក្រៀមក្រំយ៉ាងខ្លាំង នៅពេលបានទទួលដំណឹងអំពីមរណភាពរបស់ លោក Nguyen Phu Trong អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម។
សម្តេចបានចាត់ទុកថា ការទទួលមរណភាពរបស់ លោក Nguyen Phu Trong គឺជាការ បាត់បង់ដ៏ធំធេងមិនត្រឹមតែ ចំពោះសាធារណរដ្ឋសង្គមនិយមវៀតណាមប៉ុណ្ណោះទេ តែជាការបាត់បង់ ចំពោះបក្សកុម្មុយនីស្តវៀតណាម និងប្រជាជនវៀតណាមទាំងមូល។ សមិទ្ធផលដ៏ឧត្តុងឧត្តម និងស្ថាដៃដ៏ ថ្លៃថ្លារបស់លោក នឹងត្រូវបានចងចាំក្នុងដួងចិត្តរបស់ប្រជាជនវៀតណាមគ្រប់ៗរូបជារៀងរហូត។
ក្នុងឱកាសប្រកដោយក្តីសង្វេគនេះ តាងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា ទាំងមូល សម្តេចសូមចូលរួមរំលែកនូវសមានទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ ប្រធានរដ្ឋសភាវៀតណាម និងជាពិសេស តាមរយៈលោកប្រធានរដ្ឋសភា ជាមួយក្រុមគ្រួសាររបស់ លោក Ngyen Phu Trong ចំពោះការបាត់បង់ដ៏ធំធេងនេះ។
សម្តេចតេជោ សូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធរបស់ លោក Ngyen Phu Trong សូមបានដល់សុគតិភពកុំបីឃ្លៀង ឃ្លាតឡើយ៕