(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ក្រោមបញ្ជារបស់លោក សក់ ច័ន្ទកាញ្ញារិទ្ធ អភិបាលខណ្ឌ បានចុះទៅហាមឃាត់ និងធ្វើការរុះរើសំណង់ដែលកំពុងសង់រំលោភលើចំណីផ្លូវ ប៉ុន្តែគ្រាន់តែទៅដល់ទើបតែប្រាប់ជាងដែលកំពុងសាងសង់នោះឲ្យផ្អាកសិន ស្រាប់តែម្ចាស់សំណង់ខាងលើ ចេញមកស្រែកឡូឡា និងជេរប្រមាថមកលើសមត្ថកិច្ចតែម្ដ
ហេតុការណ៍នោះបានកើតឡើង នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងខាត្បូង២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ម្ចាស់សំណង់ខាងលើឈ្មោះ ហ៊ុល ភា បានសាងសង់សំណង់រំលោភលើចំណីផ្លូវជាតិលេខ៣ ហើយនៅវេលាព្រឹកថ្ងៃកើតហេតុខាងលើ មានប្រជាពលរដ្ឋច្រើននាក់បានប្ដឹងសុំឲ្យអាជ្ញាធរខណ្ឌចេញអន្តរាគមន៍ឃាត់ជាបន្ទាន់ ជៀសវាលពេលដែលសំណង់នោះសង់រួចពិបាកដោះស្រាយ។
ក្រោយមកនៅវេលារសៀលថ្ងៃដដែល លោក សក់ ច័ន្ទកាញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាឲ្យលោកឈួន ឆាយរិទ្ធ នាយករដ្ឋបាលខណ្ឌដឹកនាំកម្លាំងចុះទៅហាមឃាត់ និងរុះរើ។ ពេលទៅដល់កម្លាំងបានធ្វើការវាស់វែងឃើញថា សំណង់ខាងលើសង់រំលោភចំណីផ្លូវ៦ម៉ែត្រ ទើបលោកឈួន ឆាយ៉ារិទ្ធ ប្រាប់ឲ្យជាងផ្អាកការសាងសង់ និងសុំជួបម្ចាស់ទីតាំង។
ខណៈនោះស្រាប់តែម្ចាស់ទីតាំងមានប្រុស មានស្រី ចេញមកស្រែកឡូឡា ជេរប្រមាថអាជ្ញាធររយៈពេល១ម៉ោងទើបឈប់ ហើយអាជ្ញាធរមិនបានតបតនោះឡើយ។ ក្រោយមកអាជ្ញាធរបានធ្វើការពន្យល់ឲ្យគាត់បានយល់ពីច្បាប់សាងសង់ និងធ្វើកិច្ចសន្យាបញ្ឈប់ការសាងសង់ និងរុះរើសំណង់ចេញវិញ។
អាជ្ញាធរបានឲ្យគាត់រុះរើចេញវិញនៅថ្ងៃទី២០ ខែកក្កដា ស្អែកនេះ ពេលនោះគាត់យល់ព្រមផ្ដិតមេដៃបញ្ឈប់ការសាងសង់ ប៉ុន្តែមិនយល់ព្រមរុះរើនោះទេ ហើយគំរាមថាបើអាជ្ញាធរហ៊ានធ្វើការរុះរើនោះគាត់ និងយកដុំថ្មគប់ទៅលើជាងដែលមកធ្វើការរុះនោះតែម្ដង៕