(ស្ទឹងត្រែង)៖ បន្ទាប់ពីទទួលបានបញ្ជាពីលោក សរ សុពុត្រា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង កម្លាំងអាវុធហត្ថខេត្តដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីសំណាក់ លោក ជា សុភក្រ្ត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែង បង្រ្កាបបានជនទំនើង ប្រព្រឹត្តបទល្មើសលួច និងទទួលផលចោរកម្ម។
កម្លាំងកងរាជអាវុធហត្ថខេត្ត បានបង្រ្កាបករណីខាងលើពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឃាត់ខ្លួនបានមនុស្សចំនួន៧នាក់ ក្នុងនោះមានស្រ្តីម្នាក់។
ប្រតិបត្តិការនេះ ដកហូតបាន ម៉ូតូចំនួន៩គ្រឿង និងខ្សែភ្លើងជាច្រើនម៉ែត្រ និងសម្ភារៈមួយចំនួនទៀត។ ដោយឡែកម៉ូតូ១គ្រឿង ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ ខណៈម៉ូតូមួយគ្រឿងនេះបានបាត់នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងករណីបំបែកសំណុំរឿងនេះ លោកសរ សុពុត្រា ក្នុងនាមជាថ្នាក់នាំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានចុះទៅពិនិត្យដល់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តនារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ។
ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានថ្លែងអំណរគុណ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត និងសូមថ្លែងនូវការកោតសរសើរមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដែលបានអនុវត្តបទបញ្ជាសហការសម្របសម្រួល និងពន្លាតនីតិវិធី ឈានដល់ការបង្ក្រាបបានទាំងស្រុង និងបំបែកសម្បុកក្រុមកាន់កាប់ប្រើប្រាស់អាវុធកែច្នៃខុសច្បាប់ (កាំភ្លើងហ្គាស បាញ់គ្រាប់ឃ្លី) លួចកាត់ខ្សែភ្លើង ទទួលផលចោរកម្ម និងរក្សាទុក ជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចស្រែសំគង់ ភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុង-ខេត្តស្ទឹងត្រែង៕