(កំពង់ចាម)៖ ជាកិច្ចពិធីគួរល្អប្រពៃណាស់ ដែលវត្តផ្ទះកណ្ដាលតែងតែប្រារព្ធពិធីបំបួសនាគជារៀងរាល់ឆ្នាំ ពិសេសនៅមុនថ្ងៃចូលព្រះវស្សា ខណៈព្រះវិន័យធម៌ស្រុកស្រីសន្ធរមានថេរដីកាពន្យល់ថា ការសាងព្រះផ្នួសបច្ចុប្បន្ននេះមានបំណងប្រាថ្នាធំៗ៣ គឺដើម្បីសងគុណមាតាបិតា ដើម្បីរួចចាកទុក្ខ និងដើម្បីបន្តការសិក្សាជាមួយពុទ្ធសាសនា។
គិតត្រឹមឆ្នាំនេះ ព្រះពុទ្ធសាសនាបានឈានមកដល់ព.ស.២៥៦ហើយ ប្រទេសនានាដែលកាន់ព្រះពុទ្ធសាសនានៅតែបន្តមានប្រជាពលរដ្ឋចូលបួសជាព្រះសង្ឃ។ ដោយឡែក ទំនៀមទម្លាប់បំបួសនាគនេះ នៅមុនថ្ងៃចូលព្រះវស្សា ក្នុងប្រទេសកម្ពុជាបានរក្សាយ៉ាងខ្ជាប់ខ្ជួន។
ក្នុងឱកាសនិមន្តជាព្រះឧបជ្ឈាបំបួសនាគ ព្រះគ្រូរតនសត្ថា សែម សុវាសនា ព្រះវិន័យធម៌ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងជាព្រះគ្រូចៅអធិការវត្តផ្ទះកណ្ដា មានថេរដីកាថា ការបំបួសនាគនៅមុនថ្ងៃចូលព្រះវស្សា នៅប្រទេសកម្ពុជា ត្រូវបានកំណត់ឡើងដោយអនុសំវច្ចរមហាសង្ឃបាត នាពេលកន្លងមក ឯការបួសនេះទៀតសោត ក៏ដើម្បីឧទ្ទិសដល់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង ដែលព្រះអង្គទ្រង់ចេញសាងព្រះផ្នួសមុនពេលព្រះអង្គត្រាស់ដឹង។
ព្រះរតនសត្ថា សែម វាសនា មានថេរដីកាបន្តថា ចំពោះការបួសនៅក្នុងវត្តផ្ទះកណ្ដាលនេះគឺត្រូវបានធ្វើជារៀងរាល់ឆ្នាំ ដែលរក្សាបាននូវទំនៀមទម្លាប់ពីជំនាន់ដើមមក ហើយការចូលបួសរបស់កុលបុត្រតិចឬច្រើន មកពីទីជិតឬឆ្ងាយ ដែលមានបួសទាំងព្រះភិក្ខុ និងសាមណេ ដែលមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា។
ព្រះអង្គបានមានថេរដីកាបន្ថែមថា ចំពោះកុលបុត្រដែលបានចូលបួសក្នុងព្រះពុទ្ធសាសនានេះ គឺទទួលបានអានិសង្ឃច្រើ ហើយការបួសនេះក៏ត្រូវមានការបដិបត្តិព្រះធម៌យ៉ាងខ្ជាប់ខ្ជួនតាមព្រះឱវាទព្រះសម្មាសម្ពុទ្ធ។
ព្រះវិន័យធម៌ស្រុកស្រីសន្ធរមានថេរដីកាទៀតថា វត្ថុបំណងនៃការសាងផ្នួសនេះ គឺមានបំណងប្រាថ្នាធំៗ៣ចំណុច៖ ទី១-បួសដើម្បីតបស្នងសងគុណមាតាបិតា អ្នកមានគុណទាំងឡាយ ទោះបីអស់លោកទាំងនោះនៅមានជីវិតក្ដី មរណកាលទៅកាន់លោកខាងមុខក្ដី, ទី២-បួសដើម្បីរួចចាកទុក្ខ និងទី៣-បួសដើម្បីសិក្សារៀនសូត្រជាមួយពុទ្ធចក្រផង និងអាណាចក្រផង ខណៈសម័យបច្ចុប្បន្នរាជរដ្ឋាភិបាលមានការបើកទូលាយនូវពុទ្ធិកសិក្សា។ សាមណេខ្លះ គ្រួសារលោកខ្វះខាតធនធានមិនអាចបន្តការសិក្សាបាន ដូច្នេះក៏សម្រេចចិត្តចូលសាងផ្នួសដើម្បីមានលទ្ធភាពបន្តការសិក្សាទៅមុខទៀត។
គួរបញ្ជាក់ថា សម្រាប់ពិធីបុណ្យចូលព្រះវស្សា ឬបុណ្យអាសាឡ្ហបូជា ត្រូវបានប្រារព្ធឡើងក្នុងគោលបំណង៖ ទី១-ថ្ងៃព្រះពោធិសត្វចុះកាន់គភ៌នៃព្រះមាតា ទី២-ថ្ងៃព្រះអង្គចេញសាងព្រះមហាអភិនេស្ត្រមណ៍ ទី៣-ថ្ងៃទ្រង់សម្ដែងធម្មចក្កប្បវត្តនសូត្រ និងទី៤-ថ្ងៃព្រះអង្គទ្រង់សម្ដែងយមកប្បាដិហារ្យ។ សម្រាប់ការចូលព្រះវស្សានេះ គឺមានរយៈពេល៣ខែ គឺចាប់ពីថ្ងៃ១រោច ខែអាសាធ រហូតដល់ថ្ងៃ១៥កើត ខែអស្សុជ៕