(កំពង់ឆ្នាំង)៖ លោកបណ្ឌិត សំ សារ៉ាត អនុប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុករលាប្អៀរ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងលោកស្រីបណ្ឌិតសិរីសទ្ធាធរមណិរតន៍អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ លី សុធារី និង បុត្រាបុត្រី ព្រមទាំងក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំប្រស្នឹប នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃចំនួន ០៦វត្ត នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ព្រះសង្ឃចំនួន ៦វត្ត ដែលទទួលបានទៀនព្រះវស្សា និងទេយ្យទានមួយចំនួនធំសម្រាប់ត្រៀមនាពេលចូលព្រះវស្សា ដែលនឹងមកដល់នាពេលខាងមុខនេះរួមមាន៖ វត្តសុវណ្ណនាវា, វត្តក្រឡាញ់រង្សីថ្មី , វត្តក្រឡាញ់ចាស់, វត្តគីរីល័ង្កា, វត្តសុវណ្ណមុនី និងវត្តនទីបច្ឆារាម កម្មវិធីប្រារព្ធធ្វើនៅវត្តសុវណ្ណនាវា (ហៅវត្តព្រៃសំពៅ)។
ទេយ្យទានដែលលោកបណ្ឌិត សំ សារ៉ាត និងក្រុមគ្រួសារ ដែលបានប្រគេនដល់វត្តទាំង៦ រួមមាន៖ ទៀនវស្សា ១គូរ, មី ១កេសធំ, ទឹកត្រី ៤យួរ ទឹកស៉ីអ៉ីវ ៣យួរ, ប្រេងឆា ២ធុង, ខ្ទឹមស ៥គីឡូ, អំបិល ១០គីឡូ
, សៀង ១០គីឡូ, ឆៃប៉ូវ ១០គីឡូ, ប៊ីចេង ២គីឡូ, អង្ករ ២បេស្មើនិង ១០០គីឡូ, ទឹកសុទ្ធ ២ កេស, ភេជ្ជះ ២កេស , លាង ១ឈុត, គ្រឿងប្រើប្រាស់ព្រះសង្ឃ ១ឈុត, ផ្អក ១០គីឡូ, ថវិកាមួយវត្ត ៤០ ម៉ឺនរៀល
បច្ច័យបួន១អង្គ ១០ម៉ឺនរៀល ៦វត្ត។ ក្នុងនោះបច្ច័យជូនដល់ព្រះសង្ឃ៧ អង្គក្នុងឃុំប្រស្នឹប មួយអង្គ ៥ ម៉ឺនរៀល និងជូនពុទ្ធបរិស័ទម្នាក់ ១ម៉ឺនរៀល អស់៩០ម៉ឺនរៀល សរុបថវិកាអស់ ១៤,១០០,០០០ រៀល។
សូមជម្រាបថា រដូវកាលចូលព្រះវស្សាមានរយៈពេល៣ខែ ដើម្បីរួមចំណែក ទ្រទ្រង់ដល់ព្រះសង្ឃ ដែលគង់នៅតែក្នុងវត្ត រៀនសូត្រធម៌ វិន័យផ្សេងៗក្នុងរយៈពេល៣ ខែនៃការចូលកាន់ព្រះវស្សានេះ។ ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយ ដែលមានសារៈសំខាន់ក្នុង ព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់ សម្រាប់ភិក្ខុសង្ឃ និងសាមណេបាន រៀនធម៌ និងវិន័យ យ៉ាងខ្ជាប់ខ្លួន តាមពុទ្ធឱវាទ។
សម្រាប់វត្តអារាមនីមួយៗក្នុងរយៈពេល៣ ខែ ក្នុងរដូវធ្លាក់ភ្លៀង មិនអនុញ្ញាតឱ្យនិមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើកលែងតែមានភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុកម្តាយឈឺធ្ងន់ ឬនិមន្តទៅសម្ដែងធម៌ជាដើម ដោយតាំងចិត្តត្រលប់មកវិញ ក្នុងរយៈពេល៧ថ្ងៃ។
បងប្អូនដែលជាអ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗទៅប្រគេន ព្រះសង្ឃ តាមលទ្ធភាព ហើយការប្រគេនទៀនព្រះវស្សាព្រមទាំងគ្រឿងឧបភោគបរិភោគ និងបច្ច័យយកមកវេរប្រគេនព្រះសង្ឃនាពេលនេះ ដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីរធម៌ វិន័យព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង៕