(សៀមរាប)៖ គណបក្សប្រជាជនកម្ពុជាស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំបូកសរុបរបាយការណ៍ និងលទ្ធផលការងារគណបក្សស្រុកបន្ទាយស្រី ប្រចាំខែកក្តដា ឆ្នាំ២០២៤ និងទិសដៅបន្ត ដែលដឹកនាំដោយលោក ហេង ធូ សមាជិកកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបន្ទាយស្រី ខេត្តសៀមរាប និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំខ្នារសណ្តាយ ជាតំណាងលោកសែម សុវណ្ណនី សមាជិកកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តសៀម ជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបន្ទាយស្រី និងក្រុងរុនតាឯកតេជោសែន។
ក្រោយពីបានស្ដាប់ការរាយការណ៍របស់ប្រធានគណៈកម្មាធិការនៃគណបក្សឃុំទាំង៥ អំពីស្ថិតិសមាជិកបក្ស រចនាសម្ព័ន្ធអង្គការចាត់តាំងគណបក្ស និងបញ្ហាប្រឈមផ្សេងៗរួចមក លោក ហេង ធូ បានជំរុញ និងណែនាំដល់ក្រុមការងារត្រូវបន្តចុះសួរសុខទុក្ខដល់ប្រជាជន ជាពិសេស បងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះ នៅពេលដែលពួកត្រូវការអ្វីជាចាំបាច់ ត្រូវតែចុះដល់គ្រួសាររបស់ពួកគាត់។
លោក ហេង ធូ ក៏បានសង្កត់ធ្ងន់ពាក់ព័ន្ធជាមួយនឹងការចុះបញ្ជីដីថ្លីមានលក្ខណៈជាប្រព័ន្ធ សូមឲ្យមេភូមិ និងមេឃុំ ត្រូវយកចិត្តទុកដាក់ចំពោះការទុកចំណីផ្លូវពីក្បាលដី ដើម្បីងាយស្រូវក្នុងការសាងសង់ផ្លូវនៅពេលក្រោយផងដែរ។
ជាមួយគ្នានេះ លោកបានឧត្ថម្ភថវិកាសម្រាប់រៀបចំទ្រទ្រង់កិច្ចប្រជុំ និងទ្រទ្រង់អាហារសម្រន់ដល់សមាជិក ដែលបានចូលរួម និងឧបត្ថម្ភទ្រទ្រង់មធ្យោបាយធ្វើដំណើជូនសមាជិក សមាជិកា ដែលបានមកចូលរួមប្រជុំផងដែរ។
ក្រោយពីចប់កិច្ចប្រជុំ លោករួមទាំងក្រុមការងារគណបក្សស្រុក ឃុំ ភូមិ បានបន្តចុះដាំបង្គោលអំពូលសូឡា នៅមណ្ឌលសុខភាពបន្ទាយស្រី ដែលលោកបានឧបត្ថម្ភកាលពីថ្ងៃទី១៨ ចំនួន២០បង្គោល/អំពូល ព្រមទាំងបានជួបសួរសុខទុក្ខ និងឧបត្ថម្ភថវិកាដល់ប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមណ្ឌលសុខភាពចំនួន១០នាក់ និងក្រុមគ្រូពេទ្យ១៥នាក់ផងដែរ៕