(ព្រះវិហារ)៖ ក្រុមការងារវិទ្យុ នៃមន្ទីរព័ត៌មានខេត្តចំនួន៣ មានខេត្តព្រះវិហារ ឧត្តរមានជ័យ និងខេត្តសៀមរាប ដឹកនាំដោយលោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ បានចូលរួមក្នុងកិច្ចប្រជុំវាយតម្លៃការអនុវត្តរបស់កម្មវិធីវិទ្យុមិត្តភាពតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ Twin Radio ជាមួយក្រុមការងារវិទ្យុជាតិខេត្តសុរិន្ទ និងខេត្តបុរីរ៉ាំ ប្រទេសថៃ ក្នុងគោលបំណងដេីម្បីពង្រឹងកិច្ចសហប្រតិបត្តការ និងវាយតម្លៃលទ្ធផលការងារ ដែលបានអនុវត្តកន្លងមក រវាងគ្នា និងគ្នា នៃប្រទេសទាំង២ ជាពិសេសខេត្តនៅជាប់បន្ទាត់ព្រំដែន ដេីម្បីរកបញ្ហាប្រឈម និងដំណោះស្រាយ។
កិច្ចប្រជុំនេះរៀបចំឡេីង នៅស្ថានីយ៍វិទ្យុជាតិខេត្តសុរិន្ទ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ដែលមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ក្រុមការងារវិទ្យុជាតិខេត្តទាំងពីរ ដឹកនាំដោយលោក ឌូសិត សុីងគីរី ប្រធានទំនាក់ទំនងសាធារណៈតំបន់ភូមិភាគ២ របស់ថៃ។
បន្ថែមពីនេះ ក្រុមការងារនឹងបន្ដចុះទស្សនកិច្ច ដកស្រង់បច្ចេកទេសការងារផលិតកម្មវិធីវិទ្យុ ការផ្លាស់ប្តូរភាសារ និងសិក្សាឈ្វេងយល់ពីវប្បធម៌ ប្រពៃណីនៃប្រជាជនថៃ នៅឯខេត្តស៊ីសាកេត និងខេត្តឧប៊ុនរាជធានីផងដែរ ដែលមានរយៈពេលចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤៕