(ភ្នំពេញ)៖ លោក ពេជ សោភ័ន រដ្ឋមន្ត្រីស្តីទី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ បានដឹកនាំរៀបចំ សិក្ខាសាលាផ្សព្វផ្សាយស្ដីពី «ការដាក់ឱ្យដំណើរការ អធិការកិច្ចគ្រូបច្ចេកទេស/ឯកទេស» ដើម្បីពង្រឹងគុណភាព សមត្ថភាពបង្រៀនរបស់គ្រូ បច្ចេកទេស/ឯកទេស និងកែលម្អចំណុចខ្វះខាតមួយចំនួន ដល់សិក្ខាកាមដែលជាមន្រ្តីនៃក្រសួង។
សិក្ខាសាលានេះ ធ្វើឡើងក្នុងវិទ្យាស្ថានជាតិ បណ្តុះបណ្តាលបច្ចេកទេស ក្នុងគោលបំណង ជួយកែលម្អនូវចំណុចខ្វះខាត របស់គ្រូបច្ចេកទេស/ឯកទេស និងជួយពង្រឹងគុណភាពបង្រៀនឡើងវិញ តាមរយៈការធ្វើវិក្រិតការទៅលើ ផ្នែកគរុកោសល្យ និងផ្នែកសមត្ថភាពជំនាញវិជ្ជាជីវៈ ។
ក្នុងឱកាសនេះ លោករដ្ឋមន្រ្តីស្ដីទីបានឱ្យដឹងថា សិក្ខាសាលានាថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ សម្រាប់ត្រួសត្រាយផ្លូវ និងជំរុញឱ្យការងារអធិការកិច្ច ដំណើរការបានដោយរលូន ដើម្បីរួមចំណែកលើកកម្ពស់ គុណភាព TVET តាមរយៈការអភិវឌ្ឍសមត្ថភាពគ្រូ បច្ចេកទេស/ឯកទេសកម្ពុជា នៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈ ទាំងវិស័យសាធារណៈ និងឯកជន។
លោកបន្ដថា ការជ្រើសរើសគ្រូមានជំនាញ បច្ចេកទេសច្បាស់លាស់មកបង្រៀន គរុសិស្ស គឺជាការងារមួយចាំបាច់ សម្រាប់ស្ថាប័នបណ្ដុះបណ្ដាលគ្រូ បច្ចេកទេស/ឯកទេស ដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពគ្រូ បច្ចេកទេស/ឯកទេស តាំងពីដំណាក់កាលដំបូង។
ទោះយ៉ាងណា លោក ពេជ សោភ័ន បានបញ្ជាក់ថា ដើម្បីទទួលបាននូវលទ្ធផលជាផ្លែផ្កាពី ការងារអធិការកិច្ចគ្រូ បច្ចេកទេស/ឯកទេស ចាំបាច់ទាមទារឱ្យមានការចូលរួម យ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសថ្នាក់នាំ អគ្គនាយកដ្ឋានអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនេះ ថា្នក់ដឹកនាំគ្រឹះស្ថាន TVET និងសហការីទាំងអស់។
លើសពីនេះ ក្នុងក្របខណ្ឌនៃការងារអធិការកិច្ចនេះ ក៏មានផ្តល់ជូនគ្រូ បច្ចេកទេស/ឯកទេស នូវរង្វាន់ជយលាភី និងការលើកទឹកចិត្តផ្សេងៗ ស្របតាមលក្ខណៈវិនិច្ឆ័យ និងសូចនាករវាយតម្លៃបង្រៀន របស់គ្រូ បច្ចេកទេស/ឯកទេសផងដែរ៕