(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅល្ងាចថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតរំលែកទុក្ខជូន លោក ជិន ថាញ់មិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចំពោះមរណភាពរបស់ លោក ង្វៀន ហ្វ៊ូចុង អគ្គលេខាធិការបក្ស នៃគណបក្សកុម្មុយនីស្តវៀតណាម។
តាមរយៈសារលិខិតរំលែកទុក្ខ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡលងយ៉ាងដូច្នេះថា៖ «យើងខ្ញុំមានក្តីសោកសង្វេគជាពន់ពេក និងសូមសម្ដែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះមរណភាព របស់ ឯកឧត្តម ង្វៀន ហ៊្វូចុង អគ្គលេខាធិការបក្ស នៃគណបក្សកុម្មុយនីស្តវៀតណាម។ មរណភាពរបស់ ឯកឧត្តមអគ្គលេខាធិការ ង្វៀន ហ៊្វូចុង មិនគ្រាន់តែជាការបាត់បង់ដ៏ធំធេងរបស់សាធារណរដ្ឋសង្គមនិយម វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែជាការបាត់បង់ដ៏ធំធេងសម្រាប់យើងគ្រប់គ្នា ដែលបានដឹងពីការតស៊ូប្រឹងប្រែង និងបានឃើញពីសមិទ្ធផលកេរដំណែលមិនអាច់កាត់ថ្លៃបានរបស់ ឯកឧត្តម សម្រាប់មនុស្សជាតិ»។
សម្តេចសភាធិការធិបតី បានបន្ដទៀតថា លោកអគ្គលេខាធិការ ង្វៀន ហ្វូ៊ចុង ជាថ្នាក់ដឹកនាំដ៏ឆ្នើម មានចក្ខុវិស័យវែងឆ្ងាយ និងការប្តេជ្ញាចិត្ត មោះមុត ក្នុងការជំរុញ និងសម្រេចឱ្យបានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការធ្វើទំនើបភាវូនីយកម្មស្ថាប័ន ក្នុង ប្រទេសវៀតណាម។ លោកអគ្គលេខាធិការ ជាឥស្សរជនជាន់ខ្ពស់មួយរូប ដែលដើរតួនាទីដ៏សំខាន់ក្នុងការ លើកកម្ពស់ទំនាក់ទំនងទ្វេភាគីរបស់ប្រទេសយើងទាំងពីរ ដោយផ្អែកលើការជឿទុកចិត្ត លទ្ធផលជាក់ស្តែង និង ប្រជាជនជាស្នូល។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏សូមសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះការប្តេជ្ញាចិត្តមិនប្រែរបស់ លោកអគ្គលេខាធិការ ក្នុងការពូនជ្រំចំណងមិត្តភាពទ្វេភាគីរបស់យើងឱ្យបានរឹងមាំ និងជិតស្និទ្ធ ព្រមទាំងបានលើកឡើងថា យើងគ្រប់គ្នានឹងចងចាំនូវវីរភាព ភាពជាអ្នកដឹកនាំ គតិបណ្ឌិត និងមេត្តាធម៌របស់ លោកអគ្គលេខាធិការ៕