(កំពង់ចាម)៖ លោក សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងបញ្ជាក់ថា ផ្លូវនៅតាមជនបទពិតជាផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំង ក្រៅពីការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលផ្សេងៗ ផ្លូវមួយនេះ ក៏ជួយសម្រួលដល់ការធ្វើអាជីវកម្មផ្សេងៗ ជាពិសេសការរកស៊ីទទួលទានប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីជំរុញជួយលើកកម្ពស់ជីវភាពរបស់ពួកគាត់ឲ្យកាន់តែរីកចម្រើន។
លោក សាន វិសាល បានថ្លែងយ៉ាងដូចនេះនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ នាឱកាសតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំគណៈកម្មាធិការអន្តរក្រសួងចុះត្រួតពិនិត្យ វាយតម្លៃប្រគល់-ទទួលបញ្ចប់ជាស្ថាពរ រយៈពេលធានាសុពលភាពការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ២ ខ្សែប្រវែងសរុប ៥ ៥០០ម៉ែត្រ ទទឹង ៨ម៉ែត្រ ស្ថាបនាលូ មូលមុខមួយចំនួន ៤កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ២កន្លែងស្ថិតនៅភូមិ៣៤ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។
លោក សាន វិសាល បានបន្ថែមថា ផ្លូវនេះមានសារៈសំខាន់ណាស់ដោយបានកំពុងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសផ្តល់អត្ថប្រយោជន៍ដល់ការដឹកជញ្ជូនរបស់កសិកផល, ពោលគឺការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតាមមូលដ្ឋាននេះនៅក្នុងអាណត្តិនីមួយៗ ត្រូវបានរាជរដ្ឋាភិ បាលវិនិយោគជាច្រើនសន្ធឹកសន្ធាប់ ព្រោះផ្លូវគឺជាសរសៃរឈាមនៃសេដ្ឋកិច្ចជាតិ។
នាឱកាសនោះដែរលោក សាន វិសាល និងគណៈកម្មាធិការអន្តរក្រសួង ក៏ចុះជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើ និងបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ចូលរួមថែទាំផ្លូវនិងលូក្នុងមូលដ្ឋានរបស់ពួកគាត់ សម្រាប់ជាប្រយោជន៍ប្រើប្រាស់យូរអង្វែង។
ក្នុងពិធីសំណេះសំណាលនេះដែរ លោក សាន វិសាល ក៏បាននាំយកអំណោយជាក្រម៉ា ដ៏ថ្លៃថ្លារបស់លោក ឆាយ ឫទ្ធិសែន ចែកជូនប្រជាពលរដ្ឋជាច្រើននាក់ ដោយម្នាក់ៗទទួលបានក្រម៉ាចំនួន១ ផងដែរ៕