(កណ្តាល)៖ លោក ផូ ផារិទ្ធ រដ្ឋលេខាធិការតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃប្រគល់-ទទួល បញ្ចប់ជាស្ថាពររយៈពេលធានាសុពលភាព ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន២ខ្សែ មានប្រវែងសរុប ២ ៨០០ម៉ែត្រ ស្ថិតស្រុកស្អាង ខេត្តកណ្តាល។
ថ្លែងនាឱកាសនោះលោក ផូ ផារិទ្ធ បានឱ្យដឹងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងជាពិសេសក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តយកចិត្តទុកដាក់ថែរក្សាសន្តិភាព និងស្ថេរភាព នយោបាយនៅក្នុងផ្ទៃប្រទេស ជាពិសេសការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក្នុងនោះរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រួមមាន៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងបានកំណត់អាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលជាមូលដ្ឋានសម្រាប់ការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រតាមវិស័យ ក្នុងគោលដៅអភិវឌ្ឍន៍ ប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើន។
ជាមួយនឹងចក្ខុវិស័យនិងយុទ្ធសាស្ត្រខាងលើនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ជនបទ ដែលមានគោលបំណងប្រែក្លាយតំបន់ជនបទនៃកម្ពុជា ឱ្យក្លាយជាតំបន់អភិវឌ្ឍន៍ រីកចម្រើនប្រកបដោយបរិយាបន្ន និងឮមាននិរន្តរភាព ជាក់ស្តែងផ្លូវបេតុងខាងលើ ដែលអនុវត្តដោយមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាមរួមជាមួយផ្លូវជាច្រើនខ្សែផ្សេងៗទៀតនៅទូទាំងប្រទេស ដែលស្ថិតក្រោមក្របខណ្ឌក្រសួង បានកំពុងផ្តល់អត្ថប្រយោជន៍ ជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសាធារណជនទូទៅពោលគឺការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតាមមូលដ្ឋាន ដែលស្ថិតនៅក្រុមក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងតភ្ជាប់ប្រទាក់ក្រឡាគ្នា ដែលជាសរសៃឈាមនៃសេដ្ឋកិច្ច ដ៏សំខាន់នៅតាមមូលដ្ឋានផងដែរ។
នាឱកាសនោះដែរលោក ផូ ផារិទ្ធ និងគណៈកម្មាធិការអន្តរក្រសួងក៏បានជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋប្រមាណ ៥០នាក់ ដោយនៅក្នុងពិធីនោះលោករដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខ ទុក្ខពីលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងបានផ្តល់អំណោយដ៏ថ្លៃថ្លាជូនដល់ប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបានក្រម៉ា១ផងដែរ។
ក្នុងពិធីនេះដែរលោក ផូ ផារិទ្ធ ក៏បានសំណូមពរដល់អាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែទាំផ្លូវ និងសំណង់សិល្បការ្យផ្សេងៗឲ្យបានល្អប្រសើរ និងកុំឱ្យមានរថយន្តដឹកទំនិញលើសចំណុះធ្វើចរាចរលើផ្លូវនេះជាដើម ធ្វើយ៉ាងរក្សាគុណភាពផ្លូវនេះឱ្យបានគង់វង្សយូរអង្វែង៕