(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសម្តែងការគួរសមរបស់ លោក Kyaw Soe Min ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។
នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានអបអរសាទរចំពោះលោក Kyaw Soe Min ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាប្រចាំព្រះរាជាណាចក្រកម្ពុជា និងផ្តល់ការគាំទ្រពេញទំហឹងដល់ លោកឯកអគ្គរដ្ឋទូត ក្នុងការជួយសម្រួលដល់ការបំពេញបេសកកម្មការទូតក្នុងអាណត្តិរបស់លោក។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានសម្តែងនូវការពេញចិត្តយ៉ាងជ្រាលជ្រៅចំពោះការរីកចម្រើន នៃចំណងមិត្តភាពដ៏យូរអង្វែង និងបានឯកភាពគ្នាថាប្រទេសទាំងពីរគួរសហការគ្នាប្រារឰខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយ៕