(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាល អភិបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំដាក់ផែនការត្រៀមបង្ការ និងឆ្លើយតបទៅនឹងផលប៉ះពាល់ដែលកើតចេញពីជំនន់ទឹកភ្លៀង និងមានវិធានការជួយសង្គ្រោះប្រជាពលរដ្ឋ បានទាន់ពេលវេលា។ កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។
លោក នួន ផារ័ត្ន បានបញ្ជាក់ថា ប្រទេសកម្ពុជា បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងផ្ទួនៗគ្នាជាបន្តបន្ទាប់ ធ្វើឱ្យទឹកស្ទឹងសែនកើនឡើងជាកំហុក បណ្តាលឱ្យមានគ្រោះមហន្តរាយដោយទឹកជំនន់កើតឡើងយ៉ាងរហ័ស បានប៉ះពាល់ដំណាំស្រូវនិងដំណាំផ្សេងៗទៀតរបស់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសែននេះជាប្រការដែលគួរយកចិត្តទុកដាក់ជាសំខាន់នោះ គឺអាជ្ញាធរក្រុងស្រុក ត្រូវប្រកាសឱ្យដឹង មុនជូនដល់ប្រជាពលរដ្ឋបានយល់ និងត្រៀមខ្លួនមុនពេលទឹកជំនន់មកដល់ និងអាចជួយដល់ប្រជាពលរដ្ឋក្នុងតំបន់ដែលងាយទទួលរងគ្រោះបានត្រៀមលក្ខណៈជម្លៀសទៅទីទួលសុវត្ថិភាពទាន់ពេលវេលា មានសុវត្ថិភាពល្អ។
លោកអភិបាលខេត្ត បានបន្តថា តាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម និងតាមការបញ្ជាក់របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តថា កម្ពស់ទឹកស្ទឹងសែន បានហក់ឡើងខ្ពស់ប្រសិនភ្លៀងនៅតែបន្តធ្លាក់។ ដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់តាមដានស្តាប់ព័ត៌មានតាមវិទ្យុ ទូរទស្សន៍ សារតាមទូរស័ព្ទចល័ត ការអំពាវរបស់អាជ្ញាធរមូលដ្ឋាន និងការព្យាករណ៍អាកាសធាតុ ដើម្បីបានដឹងពីស្ថានភាព វិវឌ្ឍន៍របស់ទឹកជំនន់ ព្រមទាំងបានណែនាំដល់មន្ទីរអង្គភាពពាក់ព័ន្ធត្រូវត្រៀមសម្ភារៈ គ្រឿងឧបភោគ បរិភោគ ថ្នាំពេទ្យ ហើយអាជ្ញាធរស្រុក ត្រូវរាយការណ៍មករដ្ឋបាលខេត្តជាប្រចាំ ដើម្បីយើងមានវិធានការជួយ សង្គ្រោះពួកគាត់បានទាន់វេលា។
លោក នួន ផារ័ត្ន បានណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបន្តសហការជាមួយអាជ្ញាធរស្រុក ធ្វើការវាយតម្លៃចំពោះផលប៉ះពាល់ដំណាំស្រូវ និងចុះស្រង់ស្ថិតិប្រជាពលរដ្ឋ ដែលទទួលរងការលិចដំណាំ ស្រូវនៅពេលនេះ ដើម្បីត្រៀមផែនការជួយដល់ប្រជាពលរដ្ឋក្នុងការដាំដុះស្តារឡើងវិញ នៅពេលទឹកស្រក។
តាមការបញ្ជាក់ពីលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឱ្យដឹងថា ស្ថានភាពផលប៉ះពាល់ និងខូចខាតដោយជំនន់ទឹកភ្លៀងលើដំណាំស្រូវគិតត្រឹមថ្ងៃទី១៩ ខែកក្កដានេះ ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងលើដំណាំស្រូវស្រាល ដើមរដូវ លើផ្ទៃដីសរុបចំនួន ១,០៦៩ហិកតា លើ ០៤ស្រុក ១២ឃុំ ៣១ភូមិ ស្មើ៣២៩គ្រួសារ ក្នុងនោះខូចខាតស្រូវ ដំណាក់កាលទុំ ជិតប្រមូលចំនួន ១២៥ហិកតា។
ទី១៖ ស្រុក កំពង់ស្វាយចំនួន០៣ឃុំ (ក្តីដូង កំពង់គោ ព្រៃគុយ) ចំនួន ៩ភូមិ ស្មើនឹង ២២៦គ្រួសារ ផ្ទៃដី ផលប៉ះពាល់ចំនួន២៩៧ហិកតា ក្នុងនោះខូចខាតស្រូវ ដំណាក់កាលទុំ ជិតប្រមូលចំនួន ១២៥ហិកតា តំបន់នេះតែងតែទទួលរងផលប៉ះពាល់ជារៀងរាល់ឆ្នាំ (កសិករដាំដុះលើកទី២)។
២៖ ស្រុកប្រាសាទសំបូរ០៥ឃុំ (ឈូក ស្រើង សំបូរ តាំងក្រសៅ គោល) ចំនួន ១៣ ភូមិ ស្មើ ៤៣គ្រួសារ ផ្ទៃដីប៉ះពាល់ចំនួន៥៥ហិកតា។
៣៖ ក្រុងស្ទឹងសែន ចំនួន ០៣សង្កាត់ (ដំរីជាន់ខ្លា អូរកន្ធរ កំពង់ក្របៅ ) ចំនួន ០៥ ភូមិ ស្មើនឹង៣៣គ្រួសារ ផ្ទៃដីប៉ះពាល់ចំនួន៥២ហិកតា។
៤៖ ស្រុកសណ្តាន់ ចំនួន ០១ឃុំ (ឃុំគោល ) ចំនួន ០៤ភូមិ ស្មើនឹង៣១គ្រួសារ ផ្ទៃដីប៉ះពាល់ចំនួន២៤ ហិកតា៕