(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានធ្វើពិធីប្រកាសបញ្ចូល សមាជិក សមាជិកាថ្មី ចំនួន៦៦ ដែលជាបេក្ខជនក្រុមប្រឹក្សាមកពីគណបក្សនយោបាយផ្សេងៗ ក្រោយពួកគេអស់ជំនឿលើមេកើយរបស់ខ្លួន និងយល់ឃើញថាមានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលអាចដឹកនាំ ប្រទេសជាតិកាន់តែរីកចំរើនទៅថ្ងៃមុខ។
នៅក្នុងពិធីនេះ ក៏មានការចូលរួមពីក្រុមការងារគណបក្សលោក យូ សិរិវុឌ្ឍ និងលោក សិន វុត្ថា ព្រមទាំងថ្នាក់ដឹកនាំបក្សមួយចំនួនទៀតផងដែរ។
នៅចំពោះមុខសមាជិកថ្មីទាំង៦៦រូប លោក អ៊ុំ រាត្រី បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាមានប្រវត្តិស្នាដៃយ៉ាងច្រើនសម្រាប់ជាតិ មាតុភូមិ ដោយបានរំដោះជាតិ សង្រោះជីវិតប្រជាពលរដ្ឋអោយរួចផុតពីសេចក្តីស្លាប់ក្នុងរបប ប៉ុល ពត និងការរាតត្បាតពីជម្ងឺកូវីដ-១៩ បានអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ ជាមួយនឹងការរក្សាបាននូវសុខសន្តិភាពពេញលើផ្ទៃប្រទេស។ គណបក្សប្រជាជនកម្ពុជា ជារបស់ប្រជាជន ដើម្បីប្រជាជន។
លោកបានបន្តថា សម្តេចតេជោ ហ៊ុន សែន លើកលែងទោសឲ្យគ្រប់គណបក្សផ្សេងៗទាំងអស់ ទោះបីកន្លងមកធ្លាប់ជេរ ប្រមាថសម្តេចយ៉ាងណាក៏ដោយ តែសម្តេចពិតជាមិនអាចលើកលែងទោសជាដាច់ខាត ចំពោះទណ្ឌិតក្បត់ជាតិ ៣ជំនាន់ឡើយ។
លោកបានបន្តទៀតថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជាថ្នាក់ដឹកនាំប្រកបដោយចំណេះដឹងដ៏ខ្ពង់ខ្ពស់បន្តពីសម្តេចតេជោ ហ៊ុន សែន ដែលនឹងអាចអភិវឌ្ឍន៍ប្រទេសឲ្យសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ ដូច្នេះសូមចូលរួមទាំងអស់គ្នា ដើម្បីឲ្យកម្ពុជាឈានឆ្ពោះទៅសម្រេចបាននូវគោលដៅនេះ។
លោក អ៊ុំ រាត្រី បានសូមឲ្យគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណនតេជោឲ្យក្លាយជាចលនាឯកភាពជាតិតែមួយដោយគម្រោង «ព្រែកជីកហ្វូណនតេជោ» មិនមែនជាទ្រព្យសម្បត្តិរបស់នរណាម្នាក់នោះទេ តែជាទ្រព្យរបស់ជាតិ និងប្រជាពលរដ្ឋកម្ពុជាយើងទាំងអស់គ្នា។ «ព្រែកជីកហ្វូណនតេជោ» ជាទ្រព្យសម្បត្តិមហាសាលសំរាប់កម្ពុជា ដែលគ្រោងនឹងបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ហើយសម្រាប់ខេត្តបន្ទាយមានជ័យ ត្រៀមទូងស្គរ គោះជួង ប៉ោត...នៅគ្រប់កន្លែងទាំងអស់៕