(ភ្នំពេញ)៖ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួល ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ (គ.ស.អ.ស.ក) បានស្នើឱ្យមានការគាំទ្រពីធនាគារជាតិនៃកម្ពុជា ក្នុងការសិក្សាពីលទ្ធភាព ដែលអាជីវកម្មក្រៅប្រព័ន្ធ អាចទទួលបានហិរញ្ញប្បទាន ពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការ នៅពេលដែលពួកគេត្រូវបានទទួលស្គាល់ ក្នុងផ្លេតហ្វមឌីជីថលនោះ។
ការស្នើសុំរបស់លោក ហែម វណ្ណឌី ធ្វើឡើងក្នុងកិច្ចប្រជុំស្តីពី ការជំរុញការអនុវត្តយុទ្ធសាស្រ្តជាតិស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រោមការចូលរួមពីលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។
កិច្ចប្រជុំស្ដីពី ការជំរុញការអនុវត្តយុទ្ធសាស្រ្តជាតិ ស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ រៀបចំឡើងក្នុងគោលបំណង ស្វែងយល់បន្ថែម ពីវឌ្ឍនភាពការងាររបស់ធនាគារជាតិនៃកម្ពុជា ក្នុងការចូលរួមអនុវត្តយុទ្ធសាស្រ្តជាតិស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកិច្ចសហការគាំទ្រការលើកកម្ពស់ ការប្រើប្រាស់សេវាធនាគារ និងហិរញ្ញវត្ថុផ្លូវការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
លោក ហែម វណ្ណឌី បានថ្លែងថា ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ នៅតែជាបញ្ហាប្រឈម សម្រាប់ម្ចាស់អាជីវកម្មក្រៅប្រព័ន្ធ ដោយសារកង្វះអនុលោមភាព។ គ.ស.អ.ស.ក កំពុងសហការជាមួយភាគីពាក់ព័ន្ធផ្សេងៗទៀត ក្នុងការបង្កើតផ្លេតហ្វមឌីជីថលមួយ សម្រាប់ចុះឈ្មោះទទួលស្គាល់អាជីវកម្មក្រៅប្រព័ន្ធ។
លោករដ្ឋមន្រ្តីក៏បានស្នើឱ្យមានការគាំទ្រពី ធនាគារជាតិនៃកម្ពុជា ក្នុងការសិក្សាពីលទ្ធភាព ដែលអាជីវកម្មក្រៅប្រព័ន្ធ អាចទទួលបានហិរញ្ញប្បទាន ពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការ នៅពេលដែលពួកគេត្រូវបានទទួលស្គាល់ ក្នុងផ្លេតហ្វមឌីជីថលនោះ។
លោកស្រី ជា សិរី បានស្វាគមន៍ចំពោះការលើកឡើង និងគាំទ្រឱ្យមានការសិក្សាលម្អិតបន្ថែមទៀតពីមន្រ្តីជំនាញ។ លោកស្រីបានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា បានបំពេញការងារជាច្រើន ស្របតាមយុទ្ធសាស្រ្តជាតិស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធដូចជា ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដល់ប្រជាពលរដ្ឋ តាមរយៈសកម្មភាពចុះដល់មូលដ្ឋាន ផ្សព្វផ្សាយជាសាធារណៈ និងបញ្ចូលមេរៀនហិរញ្ញវត្ថុ ក្នុងកម្មវិធីសិក្សាចំណេះទូទៅជាដើម។
លោកស្រីបានបន្ថែមថា បន្ថែមពីនេះធនាគារជាតិនៃកម្ពុជា ក៏បានលើកទឹកចិត្តឱ្យ អាជីវកម្មក្រៅប្រព័ន្ធ បើកគណនីសន្សំ និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ អភិវឌ្ឍប្រព័ន្ធទូទាត់ដែលងាយស្រួល ចំណាយតិច និងមានប្រសិទ្ធភាព ព្រមទាំងបង្កើនការប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់ស្រ្តីផងដែរ៕