(សៀមរាប)៖ លោក ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ (គ.វ.អ) បានក្រើនរំលឹកដល់លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលា ក៏ដូចជាមាតាបិតា អាណាព្យាបាលសិស្ស ត្រូវធ្វើការកែនូវទន្លាប់អវិជ្ជមាន ដែលមានកន្លងមក ដើមី្បរួមគ្នាផលិតមូលធនមនុស្ស ប្រកបដោយចំណេះដឹង និងជំនាញ សីលធម៌ល្អ ឥរិយាបថល្អ និងសមត្ថភាព បំពេញការងារខ្ពស់ស្របទៅតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នីតិកាលទី៧នេះ។
ការក្រើនរំលឹកយ៉ាងដូច្នេះរបស់លោក ពេជ សោភ័ន ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែមដល់គ្រូបង្គោល នៃលេខាធិការដ្ឋាន(គ.វ.អ )នៅសាលប្រជុំសាលាខេត្តសៀមរាប នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីសំណាក់លោក ប្រាក់ សោភ័ណ អភិបាលខេត្ត និងលោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងលោក លោកស្រីជា ថ្នាក់ដឹកនាំមន្ទីរ អង្គភាព នាយក នាយិការសាលា លោកគ្រូអ្នកគ្រូបង្គោល គណៈគ្រប់គ្រងសាលា និងមាតាបិតា អាណាព្យាបាលសិស្ស សរុបប្រមាណជាង៣០០នាក់ចូលរួមផងដែរ។
ក្នុងឱកាសនោះ លោក ប្រាក់ សោភ័ណ បានលើកឡើងថា រដ្ឋបាលខេត្តនឹងត្រូវពង្រឹង និងពង្រីកបន្ថែមជាបន្តបន្ទាប់ ចំពោះវិស័យអប់រំនាពេលខាងមុខ ដើម្បីឆ្លើយតបទៅនឹងសេចក្តីតម្រូវការជាអាទិភាពក្នុងការជម្រុញ និងចូលរួមលើកកម្ពស់គុណភាពអប់រំ តាមរយៈការពង្រឹងគុណភាពតាមសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យដល់មធ្យមសិក្សា ដើម្បីផលិតមូលធនមនុស្សប្រកបដោយចំណេះដឹង ជំនាញ សីលធម៌ ឥរិយាបទល្អ និងសមត្ថភាពបំពេញការងារខ្ពស់ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គម សេដ្ឋកិច្ច និងទីផ្សារការងារនាពេលបច្ចុប្បន្ន ទាំងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។
លោកក៏បានដាក់នូវវិធានការដល់គ្រប់គ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន ក៏ដូចជាមាតាបិតា អាណាព្យាបាលសិស្ស ត្រូវចូលរួមក្នុងការលុបបំបាត់ក្រុមក្មេងទំនើង សិស្សគេចពីសាលា និងបោះបង់ចោលការសិក្សាជាដើម ដែលធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិទៅពេលអនាគត។
ទន្ទឹមនឹងនេះដែរ លោក ពេជ សោភ័ន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានបង្កើតគណៈកម្មាធិការជាតិ ដើម្បីជម្រុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ (គ.វ.អ.) ហើយគណៈកម្មាធិការជាតិនេះ មានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធាន។
លោក ពេជ សោភ័ន បានបន្តថា គណៈកម្មាធិការនេះ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំ តាមរយៈការពង្រឹង គុណភាពសាលា រដ្ឋចាប់ពីថ្នាក់មត្តេយ្យដល់មធ្យមសិក្សា ដើម្បីផលិតមូលធនមនុស្ស ប្រកបដោយចំណេះដឹង និងជំនាញ សីលធម៌ល្អ ឥរិយាបថល្អ និងសមត្ថភាពបំពេញការងារខ្ពស់ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គមសេដ្ឋកិច្ច និងទីផ្សារការងារ។
លោកទេសរដ្ឋមន្ត្រី បានបន្តទៀតថា នេះជាវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែមដល់គ្រូបង្គោល នៃលេខាធិការដ្ឋាន គ.វ.អ (លើកទី៣) បញ្ជ្រាបការយល់ដឹងអំពីសកម្មភាពនៃការអនុវត្ត និងផ្សព្វផ្សាយវិធានការគន្លឹះ(គ.វ.អ) និងសកម្មភាពគាំទ្រសាលារៀនគោលដៅទាំង៤២ ក្នុងខេត្តទាំង០៩ ក្នុងនោះដែរ ខេត្តសៀមរាប ក៏មានសាលារៀនចំនួន៥ ជាគោលដៅបានកំពុងអនុវត្ត។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ពីគោលបំណងជួយគាំទ្រដល់ការលើកកម្ពស់ការអប់រំ តាមរយៈការពង្រឹងអភិបាលកិច្ចសាលារៀន លើការពិនិត្យកែលម្អកម្មវិធីសិក្សា ការរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឲ្យស្របតាមតម្រូវការក្នុងពង្រឹងគុណភាព ចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថសិស្ស ព្រមទាំងការយកចិត្តទុកដាក់លើសុខភាពសិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងការជម្រុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំផងដែរ៕