(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់សហរដ្ឋអាមេរិក បានបញ្ជាឱ្យឈប់នៅថ្ងៃសុក្រនេះ ដោយលើកឡើងពីបញ្ហាទំនាក់ទំនង ខណៈដែលក្រុមហ៊ុនអាកាសចរណ៍, ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ, ធនាគារ និងក្រុមហ៊ុនទូរគមនាគមន៍ជាច្រើននៅជុំវិញពិភពលោកក៏បានរាយការណ៍ថាការដាច់ប្រព័ន្ធទំនាក់ទំនង ដែលរំខានដល់ប្រតិបត្តិការ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។
ក្រុមហ៊ុនអាកាសចរណ៍ American Airlines, Delta, United Airlines និង Allegiant Air បានឈប់ និងកាត់បន្ថយជើងហោះហើរតិចជាងមុន ហើយបញ្ហាយ៉ាងធំនេះបានកើតឡើងដោយសារ សេវាកម្ម Cloud របស់ក្រុមហ៊ុន Microsoft បានគាំងមិនដំណើរការប្រមាណជាជាងមួយម៉ោង។
ក្រុមហ៊ុន Microsoft បានប្រកាសថា ខ្លួនបានដោះស្រាយការដាច់សេវា Cloud រួចឡើងវិញ បន្ទាប់ពីបានធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនអាកាសចរណ៍ ស្ថាប័នហិរញ្ញវត្ថុ ដឹកជញ្ជូន និងប្រព័ន្ធផ្សព្វផ្សាយ។
នៅក្នុងប្រទេសអូស្ត្រាលី ប្រព័ន្ធផ្សព្វផ្សាយ ធនាគារ និងក្រុមហ៊ុនទូរគមនាគមន៍បានទទួលរងការដាច់ចរន្តអគ្គិសនី ដែលរដ្ឋាភិបាលបាននិយាយថា ហាក់ដូចជាមានទំនាក់ទំនងទៅនឹងបញ្ហាមួយជាមួយក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិតពិភពលោក Crowdstrike។
ក្រុមហ៊ុន Crowdstrike បានថ្លែងប្រាប់សារព័ត៌មាន Reuters ថា ខ្លួនដឹងពីការគាំងនៅលើប្រព័ន្ធប្រតិបត្តិការ Windows របស់ Microsoft ទាក់ទងនឹងឧបករណ៏ Falcon ប៉ុន្តែក្រុមហ៊ុននេះមិនបានបញ្ជាក់អំពីបញ្ហាដែលបានកើតឡើងនៅប្រទេសអូស្ត្រាលីនោះទេ។
លោកស្រី Michelle McGuinness មន្ត្រីការិយាល័យសម្របសម្រួលសន្តិសុខអ៊ីនធឺណិតជាតិរបស់អូស្ត្រាលី បានបង្ហោះសារនៅលើបណ្ដាញសង្គម X ថា «មិនមានព័ត៌មានណាមួយបញ្ជាក់ថា បញ្ហាខាងលើគឺជាឧបទ្ទវហេតុសន្តិសុខតាមអ៊ីនធឺណិតនោះទេ»។
ក្រុមហ៊ុនអាកាសចរណ៍ធំៗនៅលើពិភពលោក ជាពិសេសគឺនៅអឺរ៉ុបបានព្រមានដល់អ្នកដំណើរទាំងអស់ពីការរំខាន និងផលប៉ះពាល់ដោយសារតែបញ្ហាសេវាកម្ម Cloud របស់ Microsoft និងបានបញ្ជាក់ថា វាមិនទាន់ដំណើរការឡើងវិញបានល្អនោះទេ ប៉ុន្តែមិនបានបញ្ជាក់ថា ការរំខាន់ ឬផលប៉ះពាល់នេះ វាមានទំហំប៉ុន្មានឡើយ។
សរុបជារួម បញ្ហាដែលបានកើតឡើងនេះ នៅមិនទាន់បានរបាយការណ៍លម្អិតដែលអាចបញ្ជាក់បានថា វាជាការគាំងដោយសារបញ្ហាបច្ចេកទេស ឬរងផលប៉ះពាល់ដោយការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណែត៕