(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានទទួលបុព្វសិទ្ធិពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជាភាគីហត្ថលេខី តំណាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយលោក Sanui Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជាបានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ២ ដែលមានទឹកប្រាក់សរុបចំនួន ៨ ៦៧៩ លានយ៉េនជប៉ុន ត្រូវជាប្រមាណ ៥៧.៥ លានដុល្លារ ក្នុងនោះ កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ចំនួន ១ និង កិច្ចព្រមព្រៀងឥណទានសម្បទាន ចំនួន ១ មានដូចខាងក្រោម៖


(១)៖ កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស (Human Resource Development Scholarship Project - JDS) មានទឹកប្រាក់ចំនួន ៣៨៦ លានយ៉េនជប៉ុន ត្រូវជាប្រមាណ ២.៥ លានដុល្លារអាម៉េរិក។ គម្រោងនេះ មានគោលបំណងគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស ដោយផ្តល់ឱកាសបន្ថែមទៀតដល់មន្ត្រីរាជការ ជាពិសេសដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី រវាង ប្រទេសទាំងពីរ តាមរយៈការទំនាក់ទំនង សកម្មភាពសិក្សា និងសង្គម និងបទពិសោធន៍នៅប្រទេសជប៉ុន។

តាមរយៈកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងថ្មីនេះ ក្រោមកម្មវិធី JDS មន្ត្រីរាជការសរុបចំនួន ២៦ រូប នឹងទទួលបានឱកាសទៅសិក្សានៅប្រទេសជប៉ុន ដែលក្នុងនោះ ២៤ រូប នឹងត្រូវបានជ្រើសរើសសម្រាប់កម្មវិធីសិក្សា ថ្នាក់អនុបណ្ឌិត និង ២ រូប ទៀត សម្រាប់កម្មវិធីសិក្សាថ្នាក់បណ្ឌិត។ ក្នុងក្របខណ្ឌកម្មវិធី JDS គិតចាប់ពីឆ្នាំ ២០០០ មក មន្ត្រីរាជការប្រមាណ ៥៣០ រូប បានទទួលអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត។

(២)៖ កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងធ្វើឲ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) (ឥណទានដំណាក់កាលទី៣) [The National Road No.5 Improvement Project (Thlea Ma`am-Battambang and Sri Sophorn-Poipet Sections) (III)] មានទឹកប្រាក់ចំនួន ៨ ២៩៣ លានយ៉េនជប៉ុន ត្រូវជាប្រមាណ ៥៥ លានដុល្លារអាម៉េរិក។ ឥណទានដំណាក់កាលទី ៣ នេះ គឺជាឥណទានសម្រាប់បំពេញបន្ថែមឲ្យការងារសាងសង់ និងការងារជាបន្តបន្ទាប់របស់គម្រោង ដើម្បីឈានទៅបញ្ចប់នូវកំណាត់ផ្លូវដែលកំពុងសាងសង់ ពីក្រុងសិរីសោភ័ណ ទៅក្រុងប៉ោយប៉ែត។

កំណាត់ផ្លូវនេះ មានប្រវែងសរុប ១៤៦.០៤ គីឡូម៉ែត្រ ក្នុងនោះ ពីធ្លាម្អម ខេត្តពោធិ៍សាត់ ទៅក្រុងបាត់ដំបង មានប្រវែង ៩៩.២១ គីឡូម៉ែត្រ ជាផ្លូវ៤ គន្លង, ផ្លូវវាងក្រុងពោធិ៍សាត់ ១១.៦៩ គីឡូម៉ែត្រ និង កំណាត់ផ្លូវពីក្រុងសិរីសោភ័ណ ទៅក្រុងប៉ោយប៉ែត មានប្រវែង ៣៥.១៤ គីឡូម៉ែត្រ។

ជារួម គម្រោងធ្វើឲ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ ៥ ពីស្ពានព្រែកក្តាម - ក្រុងប៉ោយប៉ែត ក្នុងក្របខ័ណ្ឌឥណទានសម្បទានជប៉ុន មានប្រវែងសរុប ៣៦៦ គីឡូម៉ែត្រ ត្រូវសាងសង់ជាផ្លូវ ៤ គន្លង មានទទឹង ២៣ ម ដោយក្រាលកៅស៊ូ A/C កម្រាស់ ១៥ គីឡូម៉ែត្រ និងមានសួនច្បារកណ្តាល។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រជាជនកម្ពុជា អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន និងគ្រប់ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលជប៉ុន ជាពិសេស ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដែលតែងតែបានផ្តល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងបានចូលរួមគាំទ្រដល់ កិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ដែលបានបន្តផ្តល់ហិរញ្ញប្បទាន សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) ដែលបានឆ្លើយតបចំទិសដៅនៃកម្មវិធី គោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា និងបានឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត។

អគ្គបណ្ឌិតសភាចារ្យ ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាង កម្ពុជា-ជប៉ុន ដែលជាទំនាក់ទំនងស្ថិតក្នុងកម្រិតល្អប្រសើរបំផុតក្នុងប្រវត្តិនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្ទាប់ពី ការដំឡើងកម្រិតទំនាក់ទំនងទៅជា «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» ក្នុងឆ្នាំ ២០២៣ ព្រមទាំង ការដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីៗទៅភាគីមិត្ត ក្នុងការផ្តល់ការសិក្សា និងលើកបេក្ខភាពគម្រោងអាទិភាពបន្ថែមទៀត ដែលមានភាពប្រទាក់ក្រឡាជាមួយគម្រោងអភិវឌ្ឍន៍នានា ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តរបស់ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែរឹងមាំបន្តទៀត។

ក្នុងនាមជាដៃគូអភិវឌ្ឍន៍សំខាន់មួយក្នុងព្រះរាជាណាចក្រកម្ពុជា រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហ-ប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន JICA បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើការជាមួយ រាជរដ្ឋាភិបាលកម្ពុជាក្នុងភាពជាដៃគូយុទ្ធសាស្ត្ររយៈពេលវែង សម្រាប់ការគាំទ្រដល់ការពង្រឹងបន្ថែមទៀតនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច របស់ប្រទេសកម្ពុជា៕