(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើសារលិខិតអបអរសាទរជូន លោក ចៅ លេជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសខួប៦៦ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតជាផ្លូវការ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន «១៩ កក្កដា ១៩៥៨-២០២៤»។
តាមរយៈសារលិខិតនេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានលើកឡើងថា៖ «តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងអំណរសាទរយ៉ាងកក់ក្តៅបំផុតចំពោះ ចំណងមិត្តភាពដែកថែបរបស់យើង ដែលបានរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៃប្រទេស យើងទាំងពីរ និងក្នុងតំបន់»។
បន្ថែមពីនេះ សម្តេចរដ្ឋសភាធិបតី មានជំនឿយ៉ាងមុតមាំថា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ របស់យើង នឹងបន្តរីកចម្រើនលូតលាស់ ព្រមទាំងផ្តល់ផលប្រយោជន៍ជាក់ស្តែងបន្ថែមទៀតដល់ប្រទេស និង ប្រជាជនយើងទាំងពីរ៕