(ស្ទឹងត្រែង)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលមកទទួលសេវាសុខាភិបាល នៅមណ្ឌលសុខភាពក្បាលរមាស មណ្ឌលសុខភាពក្បាលរមាស និងមន្ទីរពេទ្យបង្អែកខេត្ដស្ទឹងត្រែង។
ការចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅតាមមូលដ្ឋានសុខាភិបាលខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីលោក សរ សុពុត្រា ជាអភិបាលខេត្ដស្ទឹងត្រែង និងថ្នាក់ដឹកនាំក្រសួងសុខាភិបាលជាច្រើនរូបទៀតផងដែរ។
ជាមួយគ្នានោះប្រជាពលរដ្ឋ ដែលមកទទួលសេវាពិនិត្យព្យាបាល នៅមណ្ឌលសុខភាពក្បាលរមាស និងមន្ទីរពេទ្យស្ទឹងត្រែង បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយ និងភាពកក់ក្ដៅជាខ្លាំង ពេលបានឃើញថ្នាក់ដឹកនាំ បានអញ្ជើញចុះមកសួរសុខទុក្ខដោយផ្ទាល់ និងបានណែនាំពីការថែរក្សារសុខភាពពីជំងឺផ្សេងៗ ជាពិសេសពីជំងឺគ្រុនឈាម នៅក្នុងរដូវភ្លៀងនេះ ។
បន្ទាប់ពីចុះសួរសុខទុក្ខប្រជាពលរដ្ឋ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីរាជការសុខាភិបាល។ ក្នុងឱកាសនោះលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានណែនាំដល់មន្ដ្រីសុខាភិបាលទាំងអស់ ត្រូវបន្ដយកចិត្ដទុកដាក់មើលថែអ្នកជំងឺ ឱ្យបានកាន់តែប្រសើរ ពិសេសលោកសាស្ដ្រាចារ្យបានផ្ដល់អនុសាសន៍គន្លឹះ ដើម្បីតម្រង់ផ្លូវ កែលម្អ និងបំពេញចំណុចខ្វះខាត ដែលលោកសាស្ដ្រាចារ្យបានកក់សម្គាល់ ក្នុងឳកាសចុះទៅមូលដ្ឋានសុខាភិបាលខាងលើនេះ។
ទន្ទឹមនឹងនោះលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានលើកទឹកចិត្ដដល់មន្ដ្រីសុខាភិបាលទាំងអស់ អភិវឌ្ឍន៍ចំណេះជំនាញបន្ថែមទៀតលើកិច្ចខិតខំប្រឹងប្រែងកន្លងមក និងបម្រើប្រជាពលរដ្ឋឱ្យបានល្អ ២៤ម៉ោង លើ២៤ម៉ោង និងបានណែនាំដល់ប្រធានមន្ទីរសុខាភិបាល ខិតខំស្វែងយល់ពីបញ្ហាប្រឈម និងរកដំណោះស្រាយ រួមទាំងជំរុញដល់គ្រូពេទ្យត្រូវបន្ដពង្រឹងសមត្ថភាព ជាបន្ដបន្ទាប់ ដើម្បីឲ្យបម្រើសេវាសុខភាពកាន់តែមានគុណភាព និងទាន់ពេលវេលា ពិសេសការសង្គ្រោះបន្ទាន់។
ព្រមជាមួយគ្នាលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានណែនាំដល់ក្រុមគ្រូពេទ្យ ត្រូវចេះស្រលាញ់ ជួយគ្នាទៅវិញទៅមក និងសាមគ្គីគ្នាដោយភាពស្មោះត្រង់ ដើម្បីឲ្យដំណើរការងារប្រកបដោយភាពរលូន និងនវានុវត្ដន៍។
សូមជម្រាបថា បន្ទាប់ពីដំណើរចុះសួរសុខទុក្ខអ្នកជំងឺនៅតាមមូលដ្ឋានសុខាភិបាល និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីរាជការសុខាភិបាល នៅខេត្ដស្ទឹងត្រែង នៅរសៀលថ្ងៃដដែលនេះ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីនឹងបន្ដដំណើរបេសកកម្មចុះពិនិត្យស្ថានភាព និងការអភិវឌ្ឍនៅតាមមូលដ្ឋានសុខាភិបាល នៅខេត្ដរតនគីរី។
គួររម្លឹកថា ការចុះមកសួរសុខទុក្ខប្រជាពលរដ្ឋដែលមកទទួលសេវាសុខភាព និងពិនិត្យស្ថានភាពសុខាភិបាល នៅតាមមូលដ្ឋានសុខាភិបាលខេត្តស្ទឹងត្រែងនេះ គឺនៅក្នុងបេសកកម្មការងារ ដែលលោកសាស្រ្ដាចារ្យរដ្ឋមន្ដ្រី អញ្ជើញចុះមករយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨-២០ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងខេត្តក្រចេះ ស្ទឹងត្រែង ខេត្តរតនគីរី មណ្ឌលគីរី និងខេត្ដត្បូងឃ្មុំ៕