(ឧត្តរមានជ័យ)៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានណែនាំអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធតាមមូលដ្ឋានក្រុងស្រុកឃុំសង្កាត់ទូទាំងខេត្ត ត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋឱ្យបានលឿន រហ័ស តាមលទ្ធភាពដែលអាចធ្វើបានប្រកបដោយប្រសិទ្ធិភាព។
ការណែនាំបែបនេះរបស់លោកអភិបាលខេត្តឧត្តរមានជ័យ បានធ្វើឡើងនៅក្នុងឱកាសដែលលោក និងលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញដឹកនាំពិធីផ្សព្វផ្សាយវេទិកាសាធារណៈរបស់ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការចូលរួមពីមន្រ្តី សមត្ថកិច្ច មកពីគ្រប់ស្ថាប័នអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត និងប្រជាពលរដ្ឋចំនួន១២០០នាក់ ស្ថិតនៅក្នុងបរិវេណវត្តប្រាសាទរាជាសំរោង ក្នុងភូមិ-សង្កាត់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
លោក មាន ចាន់យ៉ាដា បានលើកឡើងថា ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានវត្តមានក្នុងវេទិការសាធារណៈនៅពេលនេះដែលមានបញ្ហាប្រឈម និងទុក្ខកង្វល់ផ្សេងៗកន្លងមកពុំទាន់មានដំណោះស្រាយបាននោះ សូមបងប្អូនលើកយកនូវបញ្ហា និងសំណូមពរទាំងអស់នេះ ដើម្បីក្រុមការងារមន្រ្តីជំនាញពាក់ព័ន្ធបានធ្វើការដោះស្រាយ បកស្រាយជូនប្រជាពលរដ្ឋប្រកបដោយភាពច្បាស់លាស់ និងទទួលបានភាពយុត្តិធម៌។
លោក មាន ចាន់យ៉ាដា បានឱ្យដឹងថា សម្រាប់រាជរដ្ឋាភិបាលថ្មីអាណ្ណត្តិទី៧នេះ ក៏មិនខុសពីរាជរដ្ឋាភិបាលអាណ្ណត្តិមុននោះដែរ រាជរដ្ឋាភិបាលអាណ្ណត្តិថ្មីដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី នាយករដ្ឋមន្រ្តីតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅបងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា។
លោកអភិបាលខេត្តឧត្តមានជ័យ ក៏បានទទួលយកនូវសំណើរ សំណូមពរ និងបញ្ហាប្រឈមនានា ដែលជាទុក្ខកង្វល់របស់បងប្អូនប្រជាពលរដ្ឋដែលបានលើកឡើងក្នុងអង្គវេទិការ ដើម្បីដោះស្រាយ និងឆ្លើយតបបានភ្លាមៗទៅ និងបញ្ហាទាំងអស់នេះមួយចំនួនដូចជាបញ្ហា ដីធ្លី បញ្ហាការធ្វើប្លង់ដី បញ្ហាការធ្វើអត្តសញ្ញាណប័ណ្ណ ការកែតម្រូវឈ្មោះ ការធ្វើអាត្រានុកូលដ្ឋាន និងបញ្ហាប្រព័ន្ធផ្លូវ ប្រព័ន្ធលូចល័តទឹកក្នុងមូលដ្ឋាន។
លោកបានបន្ថែមថា ការរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានាជូនដល់ប្រជាពលរដ្ឋ គឺជាកាតព្វកិច្ចមួយដ៏សំខាន់ក្នុងនាមអាជ្ញាធរ ដែលធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានជំនឿជឿជាក់ និងទទួលបានភាពកក់ក្តៅផងដែរ។
លោកបានណែនាំបន្ថែមដល់ធាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញស្ថាប័នអង្គភាពពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណាត្រូវបន្តការខិតខំបំពេញការងារក្នុងដែនសមត្ថិកិច្ចរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហានានាដែលជាទុក្ខកង្វល់ របស់ប្រជាពលរដ្ឋឱ្យបានលឿននិងឆាប់រហ័ស៕