(សៀមរាប)៖ លោកស្រី សុខ ណារ៉ូ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញប្រគល់កន្លែងលាងសម្អាតដៃចំនួន១០ ដែលជាការឧបត្ថម្ភ របស់កាកបាទក្រហមសាធារណកូរ៉េខាងត្បូង តាមរយៈសាខាកាកបាទក្រហមខេត្ត ដើម្បីប្រើប្រាស់ និងថែរក្សាសុខភាពរបស់កុមារ ដល់សាលាបឋមសិក្សា និងអនុវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន គ្រួស ស្ថិតនៅក្នុងក្រុងសៀមរាប។
លោកស្រី សុខ ណារ៉ូ បានលើកឡើងថា កន្លែងលាងដៃសម្រាប់កុមារ ទាំងសាលាបឋមសិក្សា និងអនុវិទ្យាល័យសម្តេចតរជោ ហ៊ុន សែន គ្រួស ដែលបានសាងសង់រួច និងប្រគល់ឱ្យប្រើប្រាស់នាពេលនេះ គឺជាអំណោយប្រតិភូកាកបាទក្រហមកូរ៉េ ដែលបានអញ្ជើញមកទស្សនកិច្ចសិក្សានៅសាលាបឋមសិក្សា និងអនុវិទ្យាល័យសម្តេចតេជោ ហ៊ុន សែនគ្រួស នៅខេត្តសៀមរាប ក្នុងកំឡុងដើមឆ្នាំ២០២៤ កន្លងមក។
លោកស្រី សុខ ណារ៉ូ បានបន្តថា ការសាងសង់កន្លែងលាងដៃនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់សិស្សានុសិស្ស ដើម្បីឱ្យពួកគាត់បានប្រើប្រាស់ក្នុងការលាងដៃគ្រប់ពេលវេលាតាមតម្រូវការ ហើយមានប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់បន្ថយជំងឺឆ្លងនានាផងដែរ។
លោកស្រីក៏បានជំរុញដល់សិស្សានុសិស្សទាំងអស់ ត្រូវលាងសម្អាតដៃជាមួយនឹងសាប៊ូជាប្រចាំ មុននិងក្រោយពេលទទួលទានអាហារ ក៏ដូចជាពេលចេញពីបន្ទប់ទឹកផងដែរ។ ការលាងដៃ គឺជាវិធីមួយក្នុងចំណោមវិធីនានា ដែលមានប្រសិទ្ធភាព និងសាមញ្ញបំផុត ដែលអាចកម្ចាត់បាននូវជំងឺចម្លងផ្នែកខាងក្រៅ និងធ្វើឱ្យជំងឺមួយចំនួនអសកម្ម ជាពិសេសតាមរយៈការលាងដៃជាមួយសាប៊ូ ក៏ដើម្បីកម្ចាត់មេរោគនាពេលបច្ចុប្បន្ន និងធានាបាននូវសុខភាពល្អប្រសើរ ជៀសផុតពីការរាតត្បាតជំងឺជាសកល។
លោកស្រី សុខ ណារ៉ូ ក៏បានណែនាំ និងផ្តាំផ្ញើរដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ត្រូវចូលរួមថែរក្សាសម្អាតអនាម័យបរិស្ថានសាធារណៈ ដោយទុកដាក់សំរាមក្នុងធុងសម្រាមឱ្យបានត្រឹមត្រូវ ប្រកបដោយផាសុខភាព និងត្រូវរួបរួមគ្នា ដើម្បីរួមចំណែកការពារបរិស្ថាន និងរួមគ្នាទុកដាក់សម្រាមឱ្យបានត្រឹមត្រូវ ដោយរៀបចំទុកដាក់សម្រាម និងចោលសំរាមឱ្យត្រឹមត្រូវ ទៅតាមការណែនាំលោកគ្រូ អ្នកគ្រូ ដែលបានរៀបចំកន្លែងទុកដាក់សម្រាម។ ជាពិសេស សូមសិស្សានុសិស្សទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលធ្វើដំណើរតាមដងផ្លូវ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសវាងឱ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានឡើងជាយថាហេតុផងដែរ។
សូមជម្រាបថា កន្លែងលាងដៃដែលជាការឧបត្ថម្ភរបស់កាកបាទក្រហមសាធារណកូរ៉េខាងត្បូង តាមរយៈសាខាកាកបាទក្រហមខេត្ត បានសាងសង់សង់នៅលើទីធ្លាសាលារៀន ដែលមានទំហំបណ្តយ៤ម៉ែត្រ ទទឹង៣ម៉ែត្រ កម្ពស់ពីដីដល់តម្តល់ធុងទឹកប្រវែង៥ម៉ែត្រ ដែលចំណាយថវិកាអស់ចំនួន ២,០៩០ដុល្លារអាមេរិក៕