(ភ្នំពេញ)៖ កម្ពុជា និងសហរដ្ឋអាមេរិក បានផ្លាស់ប្តូរទស្សនៈជុំវិញបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍ និងកង្វល់រួមផងដែរ។ការផ្លាស់ប្តូរទស្សនៈនេះ បានធ្វើឡើងក្នុងឱកាសដែលលោក គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្តមមន្ត្រីអាស៊ានកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក Andrew Herrup ភារៈធារីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅទីស្តីការក្រសួង នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។
ជំនួបពិភាក្សានេះ បានផ្តោតទៅលើវិស័យសហប្រតិបត្តិការ ដែលប្រកបដោយសក្តានុពល ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក និងអាទិភាពនានា ខណៈដែលកម្ពុជានឹងទទួលតួនាទីជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយសហរដ្ឋអាមេរិក នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ៕