(បន្ទាយមានជ័យ)៖ ជនជាតិថៃចំនួន៣នាក់ ត្រូវកម្លាំងនគរបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជាប់ពាក់ព័ន្ធនឹងករណីសម្ងំចែកចាយថ្នាំញៀន និងដកហូតវត្ថុតាងគ្រឿងញៀនមេតំហ្វេតាមីន WY ចំនួន ៣,៨០០គ្រាប់។
ការឃាត់ខ្លួនជនជាតិថៃទាំង៣នាក់នេះ បានធ្វើឡើងនៅវេលាម៉ោង ៧យប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅបន្ទប់ជួលមួយកន្លែង ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឱ្យកម្លាំងជំនាញត្រូវចុះបង្ក្រាប ការចែកចាយគ្រឿងញៀនក្នុងក្រុងប៉ោយប៉ែតឱ្យដូចភ្លៀងរលឹម។
ក្រោយទទួលបានសេចក្តីរាយការណ៍ថា ក្នុងផ្ទះសំណាក់មួយកន្លែងមានមនុស្សកំពុងលួចលក់ថ្នាំញៀន លោកបានដឹកនាំកម្លាំងនគរបាលមួយក្រុមចុះដល់កន្លែងបន្ទប់ជួល ដោយឃាត់ខ្លួនជនជាតិថៃចំនួន៣នាក់ រួមជាមួយវត្ថុតាងមួយចំនួនធំ។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ រួមមាន៖
*ទី១៖ ឈ្មោះ Tananat Kerdnoy ភេទប្រុស អាយុ៤៤ឆ្នាំ
*ទី២៖ ឈ្មោះ Tanakorn Eikeiv ភេទប្រុស អាយុ២២ឆ្នាំ
*ទី៣៖ ឈ្មោះ Veerapat Trainut អាយុ២៨ឆ្នាំ ស្នាក់នៅបន្ទប់ជួលមួយកន្លែង ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ជាមួយគ្នានេះកម្លាំងនគរបាលបានដកហូតវត្ថុតាងរួមមាន៖ ថ្នាំគ្រាប់ WY ចំនួន១៩កញ្ចប់ ស្មើ ៣,៨០០គ្រាប់, ម្សៅម៉ត់ខេ មួយកូនថង់, ថ្នាំគ្រាប់ អ៉ិចស្តាស៊ី២គ្រាប់ និងទូរស័ព្ទដៃចំនួន០៣គ្រឿង។
ក្រោយសួរនាំ ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបាននគរបាលជំនាញកសាងសំណុំរឿងបញ្ជូនមកស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីបញ្ជូនទៅតុលាការផ្តន្ទាទោសទៅតាមនីតិវិធីច្បាប់៕