(កំពង់ឆ្នាំង)៖ ខណៈពិធីបុណ្យចូលព្រះវស្សាកាន់តែខិតចូលមកដល់បងប្អូនពុទ្ធបរិស័ទទីជិតឆ្ងាយបាននាំគ្នាទៅកាន់ទីវត្តអារាម ដើម្បីប្រគេនទេយ្យទានផ្សេងៗ និងបច្ច័ យ ចំពោះព្រះសង្ឃទៅតាមជំនឿនៃព្រះពុទ្ធសាសនា ជាប្រពៃណីពីដូនតា ពិធីនេះបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ និងនៅគ្រប់ទីអារាម។
ដោយឡែកនៅវត្តតុណ្ឌបព្វតារាម ហៅវត្តភ្នំចំពុះ កាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អមដំណើរដោយលោក ភួង សោភា រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករលាប្អៀរ លោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង រួមទាំងក្រុមការងាររាជរដ្ឋាភិបាល និងលោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនទៀត បាននាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន រួមទាំងបច្ច័យ៤ និងបច្ច័យកសាងវេរប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាចំនួន ១៣វត្ត និងអាស្រមចំនួន១ ស្ថិតក្នុងឃុំចំនួន៣ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ ឆ្នាំង ក្នុងនោះមានឃុំទឹកហូត-ឃុំគោកបន្ទាយ-និងឃុំអណ្ដូងស្នាយ។
ពិធីប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទាន រួមទាំងបច្ច័យ ចំពោះព្រះសង្ឃទាំង១៤វត្ត ដែលគង់ចាំព្រះវស្សាខាងលើនេះ បានប្រព្រឹត្តទៅនៅក្នុងវត្តតុណ្ឌបព្វតារាម ហៅវត្ត(ភ្នំចំពុះ) ស្ថិតក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
នៅក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រគេនចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋជាពុទ្ធបរិស័ទដែលបានអញ្ជើញចូលរួមនៅក្នុងពិធីខាងលើនេះ និងប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ឆ្នាំងផងដែរ។
នៅក្នុងពិធីនោះដែរ លោកបណ្ឌិតសភាចារ្យ បានលើកឡើងថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋដែលទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិតាម ព្រោះថាព្រះពុទ្ធសាសនាបានផ្ដល់ការអប់រំផ្លូវចិត្តឱ្យយើងទាំងអស់គ្នាប្រព្រឹត្តនូវអំពើល្អ ចេះជួយយកអាសាគ្នា និងចេះសាមគ្គីគ្នា ទើបយើងរស់នៅក្នុងសង្គមមួយប្រកបដោយសុខដុមរមនា។
បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានថ្លែងថា ជារៀងរាល់ឆ្នាំមិនថាតែពុទ្ធបរិស័ទ ឬសប្បុរសជននោះឡើយ សូម្បីតែអាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំសំខាន់ៗក៏តែងតែនាំយកនូវទៀនចំណាំព្រះវស្សា និងទេយ្យទានផ្សេងៗ រួមទាំងបច្ច័យ៤ និ ងបច្ច័យកសាង មកវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅតាមទីវត្តអារាមនានាជារៀងរាល់ពិធីបុណ្យចូលព្រះវស្សាមិនដែលអាក់ខានឡើយ។
បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានបន្តថា ដោយឡែកនៅខេត្តកំពង់ឆ្នាំង ជារៀងរាល់ឆ្នាំទាំងអាជ្ញាធរខេត្ត និងថ្នាក់ដឹកនាំសំខាន់ៗ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយតែងបានប្រារព្ធធ្វើនូវពិធីប្រគេនទៀនចំណាំព្រះវស្សា មានទាំងទេយ្យទាន និងបច្ច័យកសាងរួមទាំងបច្ច័យបួនប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅតាមទីអារាមនានា ដោយមិនមានសេសសល់ទីអារាមណាមួយនោះឡើយ។ ដែលនេះជាការបង្ហាញនូវការយកចិត្តទុកដាក់គាំទ្រផ្នែកវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ស្របតាមប៉ាវចនាជាតិដែលមានអត្ថន័យថា ជាតិ សាសនា ព្រះមហាក្សត្រ។
បន្ទាប់មកលោកបណ្ឌិតសភាចារ្យ និងថ្នាក់ដឹកនាំ រួមទាំងក្រុមការងារនិងពុទ្ធបរិស័ទ បានប្រគេននូវទៀនចំណាំព្រះ វស្សា និងទេយ្យទានរួមទាំងបច្ច័យសម្រាប់វត្តទាំង១៤ ដោយក្នុងមួយវត្តទទួលបានអង្ករ ៥០គីឡូក្រាម, មី២កេស, ទឹកត្រី២យួរ, ទឹកស៊ីអ៉ីវ២យួរ,ទឹកសុទ្ធ២កេស, ទឹកក្រូច ២កេស, ត្រីខ១កេស, ស្លាដក១/អង្គ, ទានវស្សា១គូរ, គ្រូចៅអធិការបច្ច័យ៤ចំនួន ១០ម៉ឺនរៀល, បច្ច័យ៤ សម្រាប់ព្រះសង្ឃ១៦អង្គគង់ នៅក្នុងវត្តភ្នំចំពុះ ក្នុងមួយអង្គ៥ម៉ឺនរៀល, បច្ច័យប្រគេនវត្តសម្រាប់ប្រើប្រាស់ក្នុងពេលចូលវស្សា ២៥ ម៉ឺនរៀល និងប្រគេនបច្ច័យចំនួន១លានរៀល សម្រាប់ចូលបុណ្យផ្កាក្នុងវត្តភ្នំចំពុះផងដែរ៕