(ភ្នំពេញ)៖ របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ត្រឹមឆ្នាំ២០២៤នេះ កម្ពុជាមានសហគ្រាសកែច្នៃផលិតផលផលជល ១៧កន្លែងហើយ ដែលបានទទួលនិមិត្តសញ្ញាគុណភាពផលិតផល (CQS) ដែលធានាអនាម័យ សុវត្ថិភាពចំណីអាហារ និងប្រព័ន្ធគ្រប់គ្រងគុណភាពផលិតផលជលផល។
CQS ជាប្រព័ន្ធវិញ្ញាបនបត្របញ្ជាក់សុវត្ថិភាពម្ហូបអាហារតាមគោលការណ៍ស្ម័គ្រចិត្ត ដើម្បីលើកកម្ពស់ការអនុវត្តអនាម័យល្អ និងការបន្ថែមតម្លៃដល់ផលិតផលជលផលនៅកម្ពុជា។ និមិត្តសញ្ញានេះផ្ដោតសំខាន់ទៅលើការកែច្នៃត្រី និងផលជលផលដទៃទៀត ដែលបានមកពីការធ្វើនេសាទទឹកសាប ទឹកប្រៃ ឬកសិដ្ឋានវារីវប្បកម្ម។
នៅក្នុងដំណើរទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយអំពីសមិទ្ធផលគម្រោងក្រោមប្រធានបទ «ការទទួលស្គាល់ក្នុងស្រុក និងជាសកលសម្រាប់ផលិតផលជលផល» ទៅកាន់សហគ្រាស យូនីកា (UNICA) ជាសហគ្រាសមួយក្នុងចំណោមសហគ្រាសទាំង១៧ ដែលទទួលបាននិមិត្តសញ្ញាគុណភាពផលិតផល (CQS) ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោកស្រី ឡឹក ម៉ារី ម្ចាស់សហគ្រាស យូនីកា បានបង្ហាញពីវឌ្ឍនភាពរបស់សហគ្រាសលោកស្រី ក្រោយពីទទួលបានការគាំទ្រពីគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFish-Capture) ខណៈដែលផលិតផលជលផលរបស់លោកស្រី ពេលនេះបានឈានជើងចូលទីផ្សារអន្តរជាតិ។
ទស្សនកិច្ចនេះត្រូវបានដឹកនាំផ្ទាល់ដោយ លោកបណ្ឌិត ចាយ ជឹម ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងកញ្ញា អ៉ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំក្រសួង ដោយមានការចូលរួមពីគណៈប្រតិភូនៃសហភាពអឺរ៉ុប, តំណាងអង្គការយូនីដូ, រដ្ឋបាលជលផល និងអ្នកសារព័ត៌មានជាង៤០រូបផងដែរ។
លោកស្រី ម៉ារី បានលើកឡើងថា៖ «នៅពេលដែលមានតម្រូវការតិចតួចអត់បញ្ហាទេ តែនៅពេលយើងផ្គត់ផ្គង់ទ្រង់ទ្រាយធំ ឬមានអ្នកនៅស្រុកក្រៅគេទាក់ទងមកទិញយើង យើងរាងភ័យថា ផលិតផលយើងមិនគ្រប់គ្រាន់ កែច្នៃមិនទាន់ យើងធ្វើការជាមួយសហគមន៍មិនទាន់ ហើយមួយទៀតយើងមិនដឹងថា យើងវាស់វែងស្ដង់ដារផលិតផលយើងយ៉ាងណា ប៉ុន្តែនៅពេលគម្រោង Capfish ចូលមកដល់ រឿងធំមួយដែលគាត់ជួយយើងគឺ ស្ដង់ដារ CQS ពីព្រោះស្ដង់ដារនេះជាស្ដង់ដារដំបូងទាក់ទងនឹងស្ដង់ដារផលផលិតផលជលផលក្រោយពេលប្រមូលផល»។
លោកស្រីបានបន្ថែមថា នេះគឺជាជំហានដំបូង ឬជណ្ដើរទីមួយ ដែលយើងអាចឈានឡើងដើម្បីអភិវឌ្ឍខ្លួន ពីព្រោះថានៅប្រទេសកម្ពុជា សហគ្រាសណាដែលមានស្ដង់ដារចំណីអាហារ ត្រូវបានប្រជាជនសរសើរថាល្អអស្ចារ្យ ក៏ប៉ុន្តែនៅប្រទេសដទៃស្ដង់ដារចំណីអាហារនេះ គឺជារឿងធម្មតាសម្រាប់គេនោះទេ។ លោកស្រីបានថ្លែងអំណរគុណដល់អង្គការយូនីដូ (UNIDO) ដែលបានជួយដល់សហគ្រាសលោកស្រី តាមរយៈការប្រឹក្សាយោបល់ពីក្រុមបច្ចេកទេសជំនាញ។
ជាមួយគ្នានេះ លោកស្រី បានឱ្យដឹងទៀតថា សហគ្រាសលោកស្រីបាននិងកំពុងកែច្នៃចំណិតត្រីឆ្អិនបន្ថែមទៀត ដែលមានប្រូតេអ៉ីនខ្ពស់សម្រាប់អ្នកបរិភោគ ដើម្បីសម្រួលពេលវេលាដល់ការចម្អិនម្ហូបដោយខ្លួនឯង។ លោកស្រី បានបញ្ជាក់ដែរថា ចំណិតត្រីឆ្អិននេះ កុមារក៏អាចបរិភោគបានហើយក៏ជួយដល់ការលូតលាស់រាងកាយកុមារបានផងដែរ ត្បិតលោកស្រីសង្កេតឃើញថា ក្មេងៗភាគច្រើនមិនសូវចូលចិត្តបរិភោគសាច់ត្រីឡើយដោយសារក្លិនរបស់ត្រី មានឆ្អឹងច្រើនជាអាទិ៍។ លោកស្រីបានបន្តថា លោកស្រីក៏ធ្លាប់ជាគ្រូពេទ្យម្នាក់ ដឹងពីអត្ថប្រយោជន៍ជាច្រើនរបស់ត្រី ជាពិសេសមានប្រូតេអ៉ីនខ្ពស់ ទើបលោកស្រីមានគំនិតបង្កើតចំណិតត្រីឆ្អិននេះបន្ថែម ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកបរិភោគ និងអាចឲ្យកុមារញាំលេងដូចអាហារសម្រន់ ឬអាចបរិភោគជាមួយបាយក៏បាន។
សូមជម្រាបថា នាយកដ្ឋានបច្ចេកវិទ្យាកែច្នៃ និងគុណភាព (DFPTQ) របស់រដ្ឋបាលជលនឹងទទួលបន្ទុកផ្តល់សេវាចេញវិញ្ញាបនបត្រ CQS ក្រោមជំនួយបច្ចេកទេសពីអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) តាមរយៈគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFish-Capture) ដែលទទួលបានការឧបត្ថម្ភថវិកាពីសហភាពអឺរ៉ុប (EU)។ សហគ្រាសកែច្នៃ ទូកនេសាទ ផែបែងចែកផលជលផល អ្នកចែកចាយដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងអ្នកលក់រាយដូចជាផ្សារទំនើប និងមីនីម៉ាត មានសិទ្ធិដាក់ពាក្យស្នើសុំវិញ្ញាបនប័ត្រ CQS បាន៕