(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើសារលិខិតអបអរសាទរជូន លោកស្រី Roberta Metsola ប្រធានសភាអឺរ៉ុប ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជា ប្រធានសភាអឺរ៉ុបសាជាថ្មី។
តាមរយៈសារលិខិតនេះ សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា៖ «តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងអំណរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះ លោកជំទាវប្រធាន ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជា ប្រធានសភាអឺរ៉ុបសាជាថ្មី ក្នុងសម័យប្រជុំពេញអង្គលើកដំបូង នៃសភាអឺរ៉ុប នៅទីក្រុង Strasbourg នៃសាធារណរដ្ឋបារាំង កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅនេះ»។
ជាមួយគ្នានេះ សម្តេចបានបញ្ជាក់ថា «យើងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ រវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអឺរ៉ុប ដោយឈរលើមូលដ្ឋាននៃការគោរពគ្នា ការជឿទុកចិត្តគ្នា និងការផ្តល់ផល ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាមានសុឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសភាជាមួយសភាអឺរ៉ុប ដើម្បីសម្រេចបាននូវផលប្រយោជន៍រួមរបស់យើង ទាំងពីរ និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរតំបន់ រវាងអាស៊ី និងអឺរ៉ុបឱ្យកាន់តែរឹងមាំថែមទៀត»៕