(ព្រៃវែង)៖ លោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះស្តេច និងលោកស្រី នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគេនទៀនវស្សា ៥១វត្ត ដោយរៀបចំកម្មវិធីជារួមនៅវត្តសិរីសារពេជ្ញ តាគោក ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។
នៅក្នុងពិធីនោះ លោក ហ៊ឺ បាវី បានជួបសំណេះសំណាលជាមួយព្រះសង្ឃ តាជី យាយជី និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត ព្រមទាំងបានលើកឡើង ពីភាពរីកចម្រើន លើវិស័យពុទ្ធចក្រ និងអាណាចក្រ ដែលវិស័យទាំងពីរនេះ ចាំបាច់ត្រូវដើរ ទន្ទឹមគ្នា។
លោក ហ៊ឺ បាវី បានថ្លែងថា ព្រះពុទ្ធសាសនា បានចាក់ឫស យ៉ាងជ្រៅ ទៅក្នុងផ្នត់គំនិត និងទំនៀមទំលាប់ប្រពៃណី របស់ប្រជាជនខ្មែរយើង ដែលប្រជាជនកម្ពុជា មានជំនឿជឿជាក់ និងគោរពប្រតិបត្តិ និងបានដើរតួនាទីយ៉ាងសំខាន់ សំរាប់ការឯកភាពជាតិ ការសិក្សាអប់រំផ្លូវចិត្ត ឲ្យបុគ្គលគ្រប់រូប ដើរតាមផ្លូវល្អជាដើម។
គួររំលឹកថា ជារៀងរាល់មុនថ្ងៃចូលព្រះវស្សារបស់ព្រះភិក្ខុសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋ ឧបាសក ឧបាសិកា ដែលជាពុទ្ធសាសនិក តែងតែនាំគ្នាយកទៀនចំណាំព្រះវស្សា រួមទាំងទេយ្យទានផ្សេងៗ និងគ្រឿងឧបភោគបរិភោគ ទៅវេប្រគេនដល់ព្រះសង្ឃ តាមវត្តអារាមនានា ដើម្បីបានដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់ក្នុងពេលវេលា នៃរដូវកាលចូលព្រះវស្សា អស់កាលត្រីមាស ក្នុងរយៈពេល៣ខែ៕