(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជូនសារទៅមន្រ្តីនគរបាលចរាចរណ៍ និងមន្ត្រីជាប់កិច្ចសន្យា សូមធ្វើការចេញពីបេះដូង កុំគិតតែពីផលប្រយោជន៍ ត្រូវដាក់ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ។
សារនេះបានធ្វើឡើងពេលលោកអភិសន្តិបណ្ឌិត ស សុខា ជួបសំណេះសំណាលជាមួយមន្ត្រីអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីផ្តល់អាវភ្លៀវ ចំនួន១ម៉ឺនឈុតដល់ពួកគេ ដើម្បីប្រើប្រាស់ពេលបំពេញ ភារកិច្ចការងារអនុវត្តច្បាប់ និងសម្រួលចរាចរណ៍ជូនប្រជាជននារដូវភ្លៀងវស្សា។
ឧបនាយករដ្ឋមន្រ្តី ស សុខា បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមទទូចត្រង់ថា គ្រប់សកម្មភាពទាំងអស់ សូមឲ្យយើងធ្វើការងារចេញពីបេះដូង កុំឲ្យគិតតែរឿងផលប្រយោជន៍ ជាពិសេសផលប្រយោជន៍ប្រចាំថ្ងៃ ខ្ញុំទទួលស្គាល់ថា យើងតម្រូវការទាំងអស់នេះ ប៉ុន្ដែចង់មិនចង់ កិច្ចការប្រចាំថ្ងៃរបស់យើងនេះ ពេលណាដែលយើងពាក់ឯកសណ្ឋាននេះហើយ កាតព្វកិច្ចមុនដំបូងបំផុត ដែលយើងត្រូវអនុវត្ដ គឺជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាស្ដេចរបស់គាត់ មិនមែនជាឪពុក-ម្ដាយ របស់គាត់ទេ»។
លោកអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំមន្ត្រីនគរបាលចរាចរណ៍ ត្រូវពង្រឹងសមត្ថភាព ក្រមសីលធម៌ មនសិកាវិជ្ជាជីវៈ វិន័យកងកម្លាំង ការប្រើប្រាស់ឯកសណ្ឋាន ការប្រើប្រាស់ពាក្យពេចន៍និយាយស្តី អាកប្បកិរិយា ការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសគឺការប្រើប្រាស់ពាក្យសំដីជាមួយប្រជាពលរដ្ឋ ប្រសិនបើអ្នកបើកបរគ្មានល្មើស ហាមហៅត្រួតពិនិត្យ នៅពេលចុះអនុវត្តច្បាប់ចរាចរណ៍ ដើម្បីកុំធ្វើឲ្យមានការរំខានដល់អ្នកធ្វើដំណើរ ប្រជាពលរដ្ឋ មានអារម្មណ៍ថ្នាំងថ្នាក់ ចំពោះកម្លាំងមានសមត្ថកិច្ច និងថ្នាក់ដឹកនាំ។
បន្ថែមលើសពីនេះ លោកអភិសន្តិបណ្ឌិត បានបន្តណែនាំឲ្យនគរបាលចរាចរណ៍ទាំងអស់ ត្រូវពង្រឹងប្រសិទ្ធភាពនីតិវិធីការងារដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ ត្រូវពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ ចំពោះហេតុការណ៍ ដែលបានកើតឡើង ស្វែងរកសាក្សី ធ្វើកំណត់ហេតុ របាយការណ៍ និងធ្វើការសន្និដ្ឋានរកមូលហេតុ បង្កឲ្យបានច្បាស់លាស់ ដោយផ្អែកលើវិធានការជំនាញ និងវិធានការច្បាប់ មុននឹងបញ្ជូនសំណុំរឿងទៅតុលាការ ដើម្បីបន្តនីតិវិធី៕