(សៀមរាប)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំការងារព្រំដែនរួមទទួលទិសភូមិភាគទី៣ ភូមិភាគទី៤ និងភូមិភាគទី៥ ធ្វើយ៉ាងណាជំរុញដំណើរសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម នៅក្រុងសៀមរាប ឱ្យបានឆាប់រួចរាល់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ដែលបានផ្តួចផ្តើមរៀបចំសាងសង់សារមន្ទីរនេះឡើង ហើយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានគាំទ្រចំពោះគំនិតផ្តួចផ្តើមសាងសង់គម្រោងនេះឡើងនៅខេត្តសៀមរាប។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «អីឡូវយើងបានការចូលរួមពីឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា និងសប្បុរសជនយើងជាច្រើនបានធ្វើឱ្យកិច្ចការងារនេះអាចធ្វើបានភ្លាមតែម្តង ហើយធ្វើបន្ទាន់ ហើយឯកឧត្តម ខេង សុមេធ ជាជាងធ្វើ គឺសូមបន្តធ្វើឱ្យបានលឿន ហើយរៀបចំឡើងឱ្យតាមរចនាបថ»។
ជាមួយគ្នានេះសម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានណែនាំឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវពិនិត្យមើលឱ្យបានម៉ត់ចត់ចំពោះរចនាបថខ្មែរ សម្រាប់ដំណើរការសាងសង់សារមន្ទីរនេះឡើងជាដើម។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបង្ហាញជំនឿថា បន្ទាប់ពីសាងសង់រួចជាស្ថាពរ, សារមន្ទីរព្រះព្រហ្មរតនមុនីនឹងក្លាយជាតំបន់ទេសចរណ៍បន្ថែមពីលើសារមន្ទីរតេជោសន្តិភាព ស្ថិតក្នុងស្រុកប្រាសាទបាគង ដែលបាននឹងកំពុងសាងសង់ ដើម្បីដាក់តាំងបង្ហាញភស្តុតាង និងរឿងរ៉ាវប្រវត្តិសាស្ត្រសង្គ្រាម សំណល់យុទ្ធភណ្ឌសង្គ្រាម និងប្រវត្តិជីវិតពិត ផលវិបាក ការឈឺចាប់ខ្លោចផ្សារបស់ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់ក្នុងសង្គ្រាម និងការខិតខំប្រឹងប្រែងក្រោយសង្គ្រាម រហូតទទួលបានសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃ។
សម្តេចធិបតី ក៏សូមអរព្រះគុណជូនចំពោះទឹក ព្រះទ័យដ៏ថ្លៃថ្លារបស់ សម្តេចព្រះព្រហ្មរតនមុនី, ព្រះតេជគុណ និងព្រះសង្ឃគ្រប់ព្រះអង្គ ដើម្បីបុព្វហេតុព្រះពុទ្ធសាសនា និងដើម្បីភាពរីកចម្រើននៃវិស័យអាណាចក្រ។ សូមថ្លែងអំណរព្រះគុណ អរគុណ និងវាយតម្លៃ ខ្ពស់ចំពោះសម្តេចព្រះព្រហ្មរតនមុនី ព្រះគ្រូចៅអធិការ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ពុទ្ធបរិស័ទ សប្បុរសជនជិតឆ្ងាយ ដែលបានខិតខំរួមគ្នាដើម្បីកសាងសារមន្ទីរ និងសមិទ្ធផលជាច្រើនទៀត។
គួរឱ្យដឹងថា នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីភាពពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប៕