(សៀមរាប)៖ ផ្លូវកៅស៊ូពីរជាន់ចំនួន១ខ្សែ មានប្រវែង ៣,៥០០ម៉ែត្រ នៅក្នុងភូមិពាក់ស្ពា នៅឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានក្រុមការងារអន្ដរក្រសួងចំនួន២ ចុះត្រួតពិនិត្យ និងវាយតម្លៃប្រគល់ទទួលបញ្ចប់ជាស្ថាពររយៈពេលធានាសុពលភាពការងារថែទាំផ្លូវ។ ផ្លូវនេះស្ថាបនាដោយកងវិស្វកម្មលេខ ១៨០ ស្ពាន-ថ្នល់ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។
គួរឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអភិវឌ្ឍន៍ជទបទ ជាសេនាធិការ បាននឹងកំពុងខិតខំស្ថាបនាផ្លូវនៅទីជនបទឱ្យកាន់តែល្អប្រសើរ ដែលក្នុងនោះមានផ្លូវចាក់បេតុង ផ្លូវក្រាលកៅស៊ូពីរជាន់ និងផ្លូវក្រាលគ្រួសក្រហមជាដើម ដើម្បីបង្កភាពងាយស្រួល ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅទីជនបទ ក៏ដូចជាការដឹកជញ្ជូនកសិផល ជាពិសេសនៅក្នុងរដូវវស្សានេះ។
ក្រុមការងារអន្ដរក្រសួងដែលដឹកនាំដោយលោកបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០២៤។
ក្នុងពេលដឹកនាំគណៈកម្មការអន្តរក្រសួងចុះពិនិត្យវាយតម្លៃផ្លូវជនបទ និងសំណេះសំណាលជាមួយពលរដ្ឋរស់នៅអមសងខាងផ្លូវ លោកបណ្ឌិត នួន ដាញ៉ិល បានថ្លែងថា ផ្លូវគឺជាសរសៃឈាម ដ៏សំខាន់មួយ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ដូចនេះ រាជរដ្ឋាភិបាលតាំងពីអាណត្តិមុន រហូតដល់រាជរដ្ឋាភិបាលទី៧ នៅតែចាត់ទុក និងដាក់ចូលវិស័យនេះ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ មួយវិញទៀតការអភិវឌ្ឍផ្លូវជនបទ ដើម្បីតភ្ជាប់រវាងទីជនបទ និងទីប្រជុំជន ឬទីក្រុងឱ្យកាន់តែខិតជិតគៀកគ្នា ប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរទៅមក ជាពិសេស ការនាំយកកសិផល ឬផលិតផលផ្សេងៗ ទៅកាន់ទីផ្សារបានឆាប់រហ័ស។
លោកបណ្ឌិតរដ្ឋលេខាធិការ បានបន្ថែមថា មិនត្រឹមតែប៉ុណ្ណោះ ការប្រែក្លាយផ្លូវជនបទ ដែលពីមុនមានសភាពភក់ជ្រាំ លំបាកក្នុងការធ្វើដំណើរនេះ វាជួយកាត់បន្ថយពេលវេលា ថវិកា មានសុវត្ថិភាព មិនបង្កការរំខានសម្រាប់សិស្សានុសិស្សទៅកាន់សាលារៀន និងប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ កាន់តែឆាប់រហ័សជាងមុនដែលទាំងនេះ គឺជាការគិតគូររបស់រាជរដ្ឋាភិបាល មិនថាត្រឹមតែនៅខេត្តតាកែវមួយប៉ុណ្ណោះទេ គឺនៅទូទាំងប្រទេស។
ឆ្លៀតឱកាសនោះដែរក្រុមការងារក៏បានបង្ហាញនូវសមិទ្ធផលរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ បានផ្តល់ផ្លូវសម្រាប់ឱ្យប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ ដឹកកសិកផលទៅកាន់ទីផ្សារ និងចូលរួមចំណែកលើកស្ទួយជីវភាពរបស់អ្នកភូមិនៅតំបន់នេះឱ្យកាន់តែល្អប្រសើរទៀត។
លោកបណ្ឌិត នួន ដាញ៉ិល និងក្រុមការងារក៏បានអំពាវនាវ និងស្នើឱ្យអាជ្ញាធរមូលដ្ឋានរួមនឹងប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាផ្លូវទាំងនោះឱ្យបានល្អ និងចូលរួមទប់ស្កាត់ការដឹកជញ្ជូនលើសទំងន់កំណត់ ដើម្បីរក្សាគុណភាពផ្លូវឱ្យជាប់បានយូរ ងាយស្រួលក្នុងការធ្វើដំណើរ ពិសេសប្រជាពលរដ្ឋត្រូវចាត់ទុកផ្លូវទាំងអស់នៅក្នុងមូលដ្ឋានជាផ្លូវរបស់ខ្លួន។
ប្រជាពលរដ្ឋបានបង្ហាញនូវការសប្បាយរីករាយ ដែលទទួលបាននូវសមិទ្ធផលផ្លូវថ្មី ធ្វើឱ្យពួកគាត់ងាយស្រួលក្នុងការធ្វើដំណើរ ហើយការអភិវឌ្ឍនូវផ្លូវនេះ គឺបានឆ្លើយតបទៅនឹងសំណូមពរ និងតម្រូវការចាំបាច់ ដែលចង់បានកន្លងមក៕