(បន្ទាយមានជ័យ)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច-ក្រសួង និងមន្ទីរពាណិជ្ជកម្ម ក្រោមការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបន្តចុះពិនិត្យមើលទំនិញ ផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារនៅផ្សារត្រី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក ហុង លៀង អនុប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ ទទួលបន្ទុកស្ថិតិ និងទីផ្សារ បានឲ្យដឹងថា ការចុះពិនិត្យទំនិញក្នុងផ្សារខាងលើក្រោមការណែនាំផ្ទាល់ពីលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្ត ជាលទ្ធផលក្រុមការងាររបស់លោក បានរកឃើញផលិតផល ទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួន។ បើតាមលោក ហុង លៀង ទំនិញដែលខូចគុណភាពនោះរួមមាន៖ ទឹកខ្មេះរូបទន្សាយ១៧ដប នំចំរុះ97kg និងដំណាប់ចាហ៊ួយ100kg។

ជាមួយគ្នានេះ មន្រ្តីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់អាជីវករទាំងអស់ សូមកុំខឹងនឹងក្រុមការងាររបស់លោកដែលចុះទៅពិនិត្យ និងដកហូតទំនិញ ខូចគុណភាពទាំងនោះ ព្រោះថាបើមិនដកហូតទេ មិនដឹងថាប្រជាពលរដ្ឋប៉ុន្មាននាក់ ដែលទទួលទាន ហើយខូចសុខភាពនោះ។

លោកក៏បានអំពាវនាវដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ព្រោះរដូវនេះ ជារដូវបុណ្យទានផង គឺលក់ដូរ និងចែកចាយតែទំនិញ ផលិតផលម្ហូបអាហារណា ដែលមានគុណភាពមិនប៉ះពាល់ដល់ សុខភាពអ្នកប្រើប្រាស់ ជាពិសេសនារដូវបុណ្យភ្ជំបិណ្ឌនេះតែម្តង។ សូមជម្រាបថា ក្រោមការណែនាំពីលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សាខាកាំក្រុងត្រូលនៅទូទាំងប្រទេស បាននិងកំពុងបន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមទីផ្សារ ដើម្បីចូលរួមចំណែកលើការការពារ សុវត្ថិភាពចំណីអាហារ ដល់ប្រជាពលរដ្ឋ៕