(ភ្នំពេញ)៖ បងប្អូនរត់ឡានតាក់ស៊ី និងកង់បីនៅផ្សារដើមគរ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្ញើជូនចំពោះបងប្អូនអ្នករត់ម៉ូតូឌុប ម៉ូតូកង់បី និងអ្នករត់តាក់ស៊ី កាលពីថ្ងៃទី១៣ កក្កដា ឆ្នាំ២០២៤ ដោយសម្តេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនបានផ្តល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនរថយន្តតាក់ស៉ីអគ្គិសនីបរទេស មកប្រកបអាជីវកម្មនៅកម្ពុជា ដូចការចោទប្រកាន់របស់ជនអគតិមួយចំនួន តូចនោះទេ។
កាលពីពេលថ្មីៗនេះ មានការផ្សព្វផ្សាយរឿងប្រឌិតតាមទំព័រហ្វេសប៊ុក របស់ VOD ដោយចោទប្រកាន់ថា «នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បើកផ្លូវឲ្យធ្វើអាជីវកម្មយានយន្តអគ្គសនី ក្រោយបដិសេធ កាលពីឆ្នាំមុនជុំវិញការអនុញ្ញាតឱ្យក្រុមហ៊ុន វៀតណាមដឹកភ្ញៀវនៅតំបន់ប៉ូសសេដ្ឋកិច្ចចំនួន៣នៅក្នុងប្រទេសកម្ពុជា ដោយប្រើរថយន្តចំនួន ២៥០០គ្រឿង ដើរដោយថាមពលអគ្គសនី»។
ភ្លាមៗ បន្ទាប់ពីមានការផ្សាយបំផ្លើសនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ បានច្រានចោលទាំងស្រុង។ សម្តេចបានបញ្ជាក់យ៉ាងច្បាស់ម្តងទៀតថា រាជរដ្ឋាភិបាលកម្ពុជានៅតែរក្សា ជំហរដោយ មិនទាន់មានគោលការណ៍អនុញ្ញាតឱ្យមានរថយន្តអគ្គិសនីក្រុមហ៊ុនបរទេស មកធ្វើការវិនិយោគរត់តាក់ស៊ីនៅកម្ពុជានោះឡើយ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានទម្លាយថា សម្តេចទទួលបានព័ត៌មានថា មានមនុស្សមួយក្រុម កំពុងកៀរគរអ្នករត់ម៉ូតូឌុប និងកង់បីឱ្យធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ដោយយកលេសថា រដ្ឋាភិបាលបានអនុញ្ញាតឱ្យមានរថយន្ត អគ្គិសនីក្រុមហ៊ុនបរទេស មកវិនិយោគរត់តាក់ស៊ីក្នុងប្រទេសកម្ពុជា។
ជាមួយគា្ននោះ សម្ដេចធិបតីក៏បានព្រមានផងដែរចំពោះការប្រឌិតព័ត៌មានក្នុងន័យអវិជ្ជមាននេះថា នឹងត្រូវប្រឈមមុខច្បាប់ដោយពុំមានការលើកលែង៕