(ព្រះវិហារ)៖ ក្មេងទំនើង២ក្រុមចំនួន៨នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយក្រុមក្មេងទំនើងទាំងនេះ បើកឆាកប្រយុទ្ធគ្នាតាមផ្លូវ ដោយប្រើដាវ កាំបិតផ្គាក់ ដែកទីបជ្រុង និងឈើជ្រុង នៅតាមបណ្តោយផ្លូវជាតិលេខ៦២ ក្នុងភូមិរំចេក ឃុំរមណីយ៍ ស្រុករវៀង កាលពីយប់ថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៤។
លោកវរសេនីយ៍ឯក គង់ គា នាយការិយាល័យប្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ថា ដោយអនុវត្តតាមបទបញ្ជា និងការណែនាំពី លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត, នៅថ្ងៃម្សិលមិញ លោកបានដឹកនាំកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចុះសហការណ៍ស៊ើបអង្កេតករណីក្មេងទំនើង២ក្រុម ដែលបង្ករអុកឡុកដេញវាយតប់គ្នាតាមផ្លូវក្នុងមូលដ្ឋានឃុំរមណីយ៍ ស្រុករវៀង។
ជាក់ស្តែងក្រោយពីធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន២ក្រុមស្មើនឹង៨នាក់ និងដកហូតវត្ថុតាងរួមមាន៖ ដាវចំនួន១ កាំបិតផ្គាក់ចំនួន១ ដែកទីបជ្រុងចំនួន១ ដំបងឈើជ្រុងចំនួន២។
នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើងទាំង៨នាក់ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដេញកាប់និងវាយគ្នាទៅវិញទៅមកពិតប្រាកដមែន ក្រុមក្មេងទំនើងទាំងនេះត្រូវបានកម្លាំងជំនាញនាំខ្លួនមកកាន់ការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល ដើម្បីក៍សាងសំណុំរឿងតាមនិតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕