(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងសមាជិកាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម ឱ្យបន្តចូលរួមកសាងសមិទ្ធផលបន្ថែមទៀត ដើម្បីបម្រើប្រជាពលរដ្ឋ និងសង្គមជាតិ។
លោកអភិបាលខេត្ត បានលើកឡើង នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍខេត្តកំពង់ចាម ប្រចាំឆមាសទី១ ឆ្នាំ២០២៤ ដែលពិធីនេះ ធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាមដោយមានការអញ្ជើញចូលរួមជាអធិបតីពីលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី ញូង ចរិយា អ៊ុនចាន់ដា ប្រធានកិត្តិយសសមាគម។
បន្ទាប់ពីបានស្ដាប់អំពីសកម្មភាពការងារ និងសមិទ្ធផលរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម ក្នុងឆមាសទី១ ឆ្នាំ២០២៤កន្លងទៅនេះ អភិបាលខេត្តកំពង់ចាម បានកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងសមាជិកា នៃសមាគមទាំងអស់ ដែលបានខិតខំប្រឹងប្រែង សហការសាមគ្គីគ្នា លះបង់កម្លាំងកាយចិត្ត ទាំងធនធាន និងប្រាជ្ញាស្មារតី ចូលរួមសកម្មភាព បម្រើប្រជាពលរដ្ឋ តាមការណែនាំរបស់រាជរដ្ឋាភិបាល បានល្អប្រសើរប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ ដើម្បីជួយសម្រួលទុក្ខលំបាកស្ត្រី ក្មេងស្រី និងជនងាយរងគ្រោះក្នុងខេត្តកំពង់ចាមរបស់យើង។
លោកអភិបាលខេត្ត បានយកឱកាសនោះ លើកទឹកចិត្តដល់អ្នកពាក់ព័ន្ធ និងសមាជិកសមាជិកាទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន ពង្រឹង និងថែរក្សាស្មារតីសាមគ្គីភាពឲ្យបានរឹងមាំ និងបន្តអនុវត្តបង្កើនសមត្ថភាពផ្ទាល់ខ្លួន ទាំងផ្នែកជំនាញបច្ចេកទេស ឌីជីថល ដើម្បីជាផលប្រយោជន៍ និងឆ្លើយតបនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសស្ត្រី និងក្មេងស្រី។
ទន្ទឹមនឹងនេះ ត្រូវពង្រឹងកិច្ចសហការឲ្យបានល្អ ជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន គណៈចលនាមហាជន សប្បុរសជន ដើម្បីដោះស្រាយបញ្ហានៅមូលដ្ឋាន ឱ្យមានប្រសិទ្ធភាពខ្ពស់៕