(កំពង់ធំ)៖ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាបេ ប្រវែង ៧២០ម៉ែត្រនៅភូមិច្រនាង ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤, លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលមានគេហដ្ឋាននៅជាប់ផ្លូវបេតុង សូមមេត្តារក្សាគម្លាតពីរបងមកផ្លូវ ដើម្បីសោភ័ណភាពផ្លូវ។
នាឱកាសនោះដែរ លោកអភិបាលស្រុកបានលើកឡើងពីសមិទ្ធផលនេះជាប្រវត្តិសាស្រ្តសម្រាប់ទីនេះដែលទទួលបានជាក់ស្តែងផ្លូវបេតុងមួយខ្សែរនេះដែលបានប្រើប្រាស់ថវិការមូលនិធិឃុំឆ្នាំ២០២៤ តាមរយៈការផ្តល់ជូនរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត តបតាមសំណូមពររបស់ប្រជាពលរដ្ឋ។ សមិទ្ធផលនេះមានគុណប្រយោជន៍ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរចេញចូល ឆ្លងកាត់ ដឹកទំនិញផលិតផល កសិផលផ្សេងៗទៅកាន់ទីផ្សារបានយ៉ាងងាយស្រួល។
លោកអភិបាលស្រុកបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋតាមបណ្តោយផ្លូវបន្ទាប់ពីការសាងសង់ហើយត្រូវធ្វើរបង ទោះបីជាថ្ម ឬរបងធ្វើពីឈេីក្តីត្រូវមានគម្លាតពីសាច់បេតុង ដែលប្រធានការិយាល័យរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងភូមិបាល និងប្រធានការិយាល័យសេដ្ឋកិច្ចនិងអភិវឌ្ឍន៍សហគមន៍ ជាមួយលោកមេឃុំសហការគ្នាកំណត់គម្លាតពីផ្លូវបេតុងមក ក្នុងគោលបំណងដេីម្បីឱ្យបងប្អូនធ្វើរបង ឱ្យរត់ត្រង់ជួរគម្លាត ដេីម្បីមានសោភណភាពល្អ, សម្រាប់អភិវឌ្ឍធ្វេីលូរំដោះទឹកនៅពេលក្រោយ, ដេីម្បីសម្រួលសុវត្ថិភាពក្នុងការធ្វេីចរាចរណ៍ ក្រោយពីធ្វើហេីយមានការដាំដេីមឈេីលម្អដេីមផ្កានៅតាមមុខផ្ទះឲ្យបានព្រមៗគ្នាដេីម្បីការលេីកមុខមាត់ និងប្រែក្លាយជាភូមិស្អាតបៃតង។
សូមបញ្ជាក់ផងដែរថា ផ្លូវបេតុងប្រវែង៧២០ម៉ែត្រ កម្រាស០.១៥ម៉ែត្រ ទទឹង៥ម៉ែត្រ ប្រើប្រាស់ថវិការមូលនិធិឃុំ ឆ្នាំ២០២៤៕