(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបពីព្រឹត្តិការណ៍ក្បួនរថយន្តប្រណិតៗ Gumball 3000 ដែលនឹងមកដល់ប្រទេសកម្ពុជានាពេលខាងមុខនេះ ដោយសម្ដេចចាត់ទុកថាព្រឹត្តិការណ៍នេះគឺជាការទាក់ទាញទេសចរមកកាន់កម្ពុជា និងបានកោតសរសើរចំពោះរដ្ឋមន្ត្រីទេសចរណ៍និងអ្នកដែលចូលរួមរៀបចំកម្មវិធីនេះ។
ការលើកឡើងនេះធ្វើឡើងក្នុងឱកាសសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។
នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហើបពីព្រឹត្តិការណ៍ក្បួនរថយន្តប្រណិតៗ Gumball 3000 ដែលនឹងមកដល់ប្រទេសកម្ពុជានាពេលខាងមុខនេះ ក៏ដូចជាព្រឹត្តិការណ៍ផ្សេងទៀតនៅលើទឹកដីសៀមរាប-អង្គរ។
សម្ដេចធិបតីបានបន្តថា ការខិតខំរៀបចំព្រឹត្តិការណ៍ទាំងនេះ គឺជាការទាក់ទាញចលនាទេសចរមកកាន់កម្ពុជា ពិសេសគឺចូលរួមក្នុងយុទ្ធនាការឆ្នាំទស្សនាសៀមរាប២០២៤។ សម្ដេចថែមទាំងបានកោតសរសើរចំពោះការខិតខំរបស់រដ្ឋមន្ត្រីទេសចរណ៍ និងអ្នកដែលចូលរួមរៀបចំកម្មវិធី Gumball 3000 ទាំងអស់។
គួរជម្រាបថា កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបប្រជុំតាមប្រព័ន្ធវីដេអូជាមួយលោក Maximillion Cooper ស្ថាបនិកកម្មវិធី Gumball 3000 Group ហើយក៏មានភាគីក្រុមហ៊ុន ជីប ម៉ុង គ្រុប ចូលរួមផងដែរ ដើម្បីពិភាក្សាពាក់ព័ន្ធនឹងដំណើររបស់ព្រឹត្តិការណ៍ Gumball 3000 Group។ កម្មវិធីនេះជាការប្រមូលផ្តុំរថយន្តទំនើបៗប្រណិតៗ និងជនមានឥទ្ធិពលល្បីៗរាប់ពាន់នាក់ជុំវិញពិភពលោក ដើម្បីបង្កើតបទពិសោធន៍ដ៏អស្ចារ្យបំផុត តាមរយៈការធ្វើដំណើរឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយទៀតគ្រប់ទ្វីបទាំងអស់ជុំវិញពិភពលោក ដោយឆ្លងកាត់ប្រទេសកម្ពុជា៕