(កំពង់ស្ពឺ)៖ លោក ច័ន្ទថេត ថានរៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ថារយៈពេល៣យប់៤ថ្ងៃកន្លងមកនេះ កម្លាំងនៃមន្ទីរបរិស្ថាន ចំនួន៤០នាក់ បានចេញប្រតិបត្តិការស្វែងរកឧទ្ធម្ភាគចក្រ ដែលបានដាច់ទំនាក់ទំនងនៅជួរភ្នំក្រវាញ ក្នុងនោះកម្លាំងបរិស្ថាន បានចែកចេញជា ២ក្រុម ដោយ១ក្រុម ល្បាតតាមជ្រលងភ្នំ និងខ្នងភ្នំ។ ឯមួយ១ក្រុមទៀតល្បាតនៅតាមព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់។
ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានបន្តថា កម្លាំងមន្ត្រីឧទ្យានុរក្សទាំងអស់ក្រុមទី១ ដឹកនាំដោយលោក សុន សុខលាង ប្រធានការិយាល័យស្តីទី នៃការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ មានភារកិច្ចចុះល្បាតឃ្លាំមើល និងរុករកឧទ្ធម្ភាគចក្រដែលបានបាត់ដំណឹង នៅចំណុចដំណាក់យាយរីម, ចំណតសេវា, រង្វង់មូលខ្នងស្រល់ និងចំណុចអន្លង់អង្គញ់ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់។ ចំណែកក្រុមទី២ ដឹកនាំដោយលោក ឡុង ស៊ី និងលោក ខន សាខុន ប្រធានការិយាល័យឧទ្យានជាតិជួរភ្នំក្រវាញ ជាកម្លាំងល្បាតជួរភ្នំខាងលើ និងស្វែងរកក្នុងតំបន់ជ្រៅៗ ។
លោកប្រធានមន្ទីរបរិស្ថាន បានបញ្ជាក់ថា បើទោះបីការស្វែងរកពុំបានជួបឧទ្ធម្ភាគចក្រដែលបាត់ក៏ដោយ តែក្រុមការងារស្វែងរកនៅបន្តសកម្មភាពរុករកជាប្រចាំ។
នេះជាថ្ងៃទី ៨ហើយ សម្រាប់ប្រតិបត្តិការស្វែងរកឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹង តាំងពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ខណៈកម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ កំពុងបន្តបេសកកម្មយ៉ាងសកម្ម ទោះបីជាអាកាសធាតុតំបន់នោះ កំពុងបង្កការលំបាកយ៉ាងណាក៏ដោយ។
សូមបញ្ជាក់ថា កាលពីរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ មានករណីឧទ្ធម្ភាគចក្រយោធាមួយគ្រឿង បានបាត់ការទាក់ទង នៅតំបន់ជួរភ្នំក្រវាញ ខណៈពេលកំពុងហ្វឹកហ្វឺនការហោះហើរ។
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ក្នុងឧទ្ធម្ភាគចក្រ ១គ្រឿងនោះ មានមនុស្សតែ២នាក់ប៉ុណ្ណោះ ពោលគឺអ្នកបើកបរ ១នាក់ និងជំនួយការបើកបរ ១នាក់៕