(កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺ លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ បានណែនាំឱ្យមន្ទីរជំនាញឱ្យពន្លឿនការបើកមុខទឹកឱ្យបានធំដើម្បីសម្រួលលំហូចរន្តទឹក គ្រាដែលលំនៅដ្ឋានពលរដ្ឋ២០ខ្នង កំពុងរងផលប៉ះពាល់ ក្នុងស្រូវពង្រោះជិត ៥០ហិកតា បានលិចដោយជំនន់ទឹកភ្លៀង។
ភ្លាមៗក្រោយមានហេតុការណ៍នេះ លោកអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅភូមិព្រៃនូក ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។
លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ បានលើកឡើងថា ដោយកត្តាអាកាសធាតុមានការប្រែប្រួល និងដោយរដូវនេះជារដូវវស្សាផងនោះ បានធ្វើឱ្យភ្លៀងធ្លាក់បន្តបន្ទាប់ ហើយបានធ្វើឱ្យទីទំនាបមួយចំនួនត្រូវរងការជន់លិចដោយអន្លើ។
ជាក់ស្តែងនៅភូមិព្រៃនូក ឃុំស្នំក្រពើ នេះបានជំនន់ទឹកភ្លៀងបាននិងកំពុងវាយប្រហារស្រែស្រូវនិងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋអស់ជាច្រើនខ្នង និងស្រូវច្រើនហិតា ហើយទន្ទឹមនោះក៏កំពុងគម្រាមកំហែងផ្លូវលំមួយចំនួនទៅក្នុងភូមិមួយខ្សែផងដែរ។
លោកអភិបាលខេត្តបន្តថា ដើម្បីសង្គ្រោះដំណាំស្រូវនិងផ្ទះប្រជាពលរដ្ឋពីជំនន់នេះ គឺមន្ត្រីជំនាញធនធានទឹក និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវសហការ ធ្វើយ៉ាងណាកាយបើកមុខទឹកឱ្យបានធំ ដើម្បីឱ្យទឹកហូរចេញពីភូមិទៅផ្នែកខាងក្រោមឱ្យបានលឿន ដើម្បីជាប្រយោជន៍អាចសង្គ្រោះស្រូវរបស់ពលរដ្ឋបានមួយផ្នែក។
ហើយជាងនេះទៅទៀតមន្ទីរកសិកម្មត្រូវត្រៀមពួជស្រូវឱ្យបានស្រេចដើម្បីផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះ ស្តារឡើងវិញនូវផលដំណាំដែលរងការខូចខាតដោយជំនន់នេះ។
ក្នុងឱកាសចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុងស្រុកគងពិសីនោះដែរ លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ ក៏បានជួបនិងសំណេះសំណាលជាមួយពលរដ្ឋផងដែរ ដោយក្នុងនោះលោកបានក្រើនរំលឹកឱ្យបងប្អូនបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់នេះ ពិសេសគឺកូនចៅនិងមនុស្សចាស់ដែលងាយប្រឈមខ្លាំង ជាមួយគ្នានោះត្រូវរាយការណ៍ដល់អាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុតឱ្យជួយអន្តរាគមន៍គ្រាដែលជួបគ្រោះថ្នាក់ជាយថាហេតុក្នុងគ្រោះទឹកជំនន់នេះផងដែរ។
អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ប្រាប់ទៅដល់កងកម្លាំងទាំងបីប្រភេទ មន្ទីរពាក់ពន្ធ័ អាជ្ញាធរមូលដ្ឋានត្រូវត្រៀមលក្ខណៈឱ្យបានស្រេចនូវមធ្យោបាយសរុប កម្លាំងសរុបដើម្បីឆ្លើយតបទៅនិងស្ថានភាពទឹកជំនន់ឱ្យបានទាន់ពេលវេលានិងប្រសិទ្ធិភាពបំផុត ធ្វើយ៉ាងណាកុំឱ្យបងប្អូនប្រជាពលរដ្ឋយើងណាម្នាក់ទទួលរងគ្រោះថ្នាក់ជាយថាហេតុ ហើយជាមួយនោះមន្ទីរសុខាភិបាលខេត្តក៏ត្រូវត្រៀមថ្នាំសង្កូវឱ្យហើយដែរដើម្បីបង្ការសង្គ្រោះពេលជំនន់មកដល់ ពិសេសគឺថ្នាំសត្វអសិរពិសទិច ឬខាំ៕