(ភ្នំពេញ)៖ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ដែលហៅកាត់ថាកយកា (KOICA) ប្រចាំកម្ពុជា បានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា (MLVT) បានរៀបចំពិធីសម្ពោធសម្រាប់គម្រោង «ការកសាងសមត្ថភាព និងការបង្កើតបរិយាកាសគាំទ្រលើវិស័យបច្ចេកវិទ្យាព័ត័មាន និងសារគមនាគមន៍ក្នុងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា»។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា (MLVT) និងលោកស្រី Moonjung CHOI នាយិកាប្រចាំប្រទេសនៃការិយាល័យ កយកា ប្រចាំប្រទេសកម្ពុជា នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។ ពិធីនេះបានធ្វើឡើងដើម្បីសម្ពោធជាផ្លូវការនៃការចាប់ផ្ថើមគម្រោងរយៈពេល៥ឆ្នាំ (២០២៣-២០២៧) ដែលផ្តល់មូលនិធិដោយជំនួយឥតសំណងប្រមាណ ៨លានដុល្លារ ពីសាធារណរដ្ឋកូរ៉េ។
ពិធីនេះមានគោលបំណងជូនដំណឹងដល់ភាគីពាក់ព័ន្ធ រួមទាំងតំណាងមកពីវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈតាមបណ្ដាខេត្តក្រុង ក្រសួងពាក់ព័ន្ធ និងអង្គការក្រៅរដ្ឋាភិបាល អំពីគោលដៅ និងយុទ្ធសាស្ត្រអនុវត្តគម្រោង។
ការប្រមូលផ្តុំនេះបានជំរុញការពិភាក្សាជុំវិញធនធានគម្រោង និងការគាំទ្រដែលមានសម្រាប់ស្ថាវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដែលផ្តោតលើ វិស័យបច្ចេកវិទ្យាព័ត័មាន និងសារគមនាគមន៍។
គម្រោងនេះមានធាតុផ្សំចំនួន ៤ដូចជា៖
ទី១៖ ពង្រឹង និងពង្រីកកម្មវិធីសិក្សាក្នុងវិស័យ ICT ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ
ទី២៖ គាំទ្រការកសាងសមត្ថភាពដល់អ្នកបង្កើតគោលនយោបាយ គ្រូបង្គោល និងគ្រូបច្ចេកទេស
ទី៣៖ បង្កើតបរិយាកាសគាំទ្រវិស័យ ICT តាមរយៈការកែលម្អ និងបំពាក់សម្ភារបណ្តុះបណ្តាលនៅក្នុងបន្ទប់កុំព្យូទ័ររបស់គ្រឹះស្ថាន TVET សាធារណៈចំនួន២០ ដែលបានជ្រើសរើស
និងទី៤៖ ពង្រឹងកម្មវិធីគាំទ្រវិស័យ ITC តាមរយៈការរៀបចំខិតប័ណ្ណផ្សព្វផ្សាយ ការអភិវឌ្ឍកម្មវិធីសិក្សាដោយមានការចូលរួមពីឧស្សាហកម្ម និងការគាំទ្រការប្រកួតប្រជែងជំនាញទាំងនៅតាមបណ្តាខេត្ត និងថ្នាក់ជាតិ។
គម្រោងនេះត្រូវបានគេរំពឹងថានឹងជំរុញយ៉ាងខ្លាំងនូវជំនាញឌីជីថល របស់យុវជនកម្ពុជា ដោយកាត់បន្ថយគម្លាតរវាងសមត្ថភាពកម្លាំងពលកម្ម និងតម្រូវការទីផ្សារការងារ។ តាមរយៈការផ្តល់ឱ្យនិស្សិតបញ្ចប់ការសិក្សានូវជំនាញ ICT តាមតម្រូវការ គម្រោងនេះនឹងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចទាំងមូលរបស់កម្ពុជា។
ទីភ្នាក់ងារកយកា ប្រចាំប្រទេសកម្ពុជា ជាទីភ្នាក់ងារផ្តល់ជំនួយទ្វេភាគីនៃសាធារណរដ្ឋកូរ៉េ បាននឹងកំពុងអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការអភិវឌ្ឍផ្សេងៗនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីការិយាល័យនៅទីក្រុងភ្នំពេញ របស់ខ្លួនបានបើកនៅឆ្នាំ២០០៣។ វិស័យផ្តោតសំខាន់រួមមានការអប់រំ សុខាភិបាល និងអភិវឌ្ឍន៍ជនបទ៕