(ភ្នំពេញ)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម សុំលើកលែងទោស និងដោះលែងពលរដ្ឋខ្មែរចំនួន២នាក់ ដែលបានបើកទូកទេសចរណ៍ដឹកភ្ញៀវស្ទូចត្រី ឆ្លងចូលដែនសមុទ្រវៀតណាមឲ្យវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ។
ជាការឆ្លើយតបភាគីវៀតណាម បានយល់ព្រមតាមសំណើនេះ ដោយដោះលែងបុរសខ្មែរទាំង២នាក់ ឲ្យត្រឡប់មកវិញ។
សំណើរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា បានធ្វើឡើងនៅក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម កាលពីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។ នៅក្នុងជំនួបនោះ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម សុំលើកលែងទោស និងដោះលែងពលរដ្ឋខ្មែរទាំង២នាក់ឲ្យវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ។
ដោយផ្អែកលើលទ្ធផលពិភាក្សា ក្នុងជំនួបខាងនេះ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងការវាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរព័ត៌មានអំពីសភាពការណ៍សន្តិសុខ និងការដោះស្រាយបញ្ហាផ្សេងៗនៅតាមព្រំដែន ភាគីវៀតណាម បានយល់ព្រមលើកលែងទោស និងបានដោះលែងប្រជាពលដ្ឋខ្មែរទាំង២រូប រួចបានបញ្ជូនវិលត្រឡប់មកប្រទេសវិញនៅយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ហើយតាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ប្រទេសកម្ពុជា។
ជាមួយគ្នានេះ មន្រ្តីអន្តោប្រវេសន៍ប្រចាំនៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក បានប្រគល់ពលរដ្ឋខ្មែរទាំងពីរនាក់នោះ ជូនក្រុមគ្រួសារត្រឡប់ទៅលំនៅដ្ឋានវិញហើយ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរ២រូប ត្រូវបានអាជ្ញាធរវៀតណាមឃាត់ខ្លួន កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ក្រោយបានបើកទូកទេសចរណ៍ដឹកភ្ញៀវស្ទូចត្រីឆ្លងចូលដែនសមុទ្រវៀតណាម៕