តាមការស្នើសុំរបស់យុវតី សាយ ស៉ីណា, សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ឱ្យនាយឧត្តមសេនីយ៍ ខេង សុមេធ ចុះទៅសាងសង់អគារសិក្សា១ខ្នង កម្ពស់៣ជាន់ ៣០បន្ទប់ ឱ្យបានឆាប់បំផុត និងពិនិត្យសាងសង់បន្ថែមបើនៅខ្វះខាត (Videos inside)
18-07-2024 22:19
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅយប់ថ្ងៃទី១៨ ខែកក្កដានេះ បានបង្ហោះវីដេអូថ្មីមួយទៀត ពាក់ព័ន្ធយុវតី សាយ ស៉ីណា ដែលច្រៀងចម្រៀង «ស្ពានសាងស្នេហ៍» យ៉ាងពិរោះ កម្មវិធីប្រឡងចម្រៀងមួយ នៅក្នុងវិទ្យាល័យព្រៃព្នៅ ក្នុងស្រុកពារាំង ខេត្តព្រៃវែង។
ក្នុងវីដេអូនេះយុវតី សាយ ស៉ីណា បានគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានចាប់អារម្មណ៍ពេញចិត្ត នៃការបកស្រាយចម្រៀងរបស់ខ្លួន និងបានច្រៀងបទដដែលនេះ ផ្ញើជូនសម្តេចតេជោ ស្តាប់កម្សាន្តថែមទៀត។
ជាមួយនឹងការបង្ហោះវីដេអូ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា តាមការស្នើសុំអគារសិក្សា សម្រាប់វិទ្យាល័យរបស់យុវតី សាយ ស៉ីណា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ឱ្យនាយឧត្តមសេនីយ៍ ខេង សុមេធ ចុះទៅសាងសង់អគារសិក្សា១ខ្នង កម្ពស់៣ជាន់ ៣០បន្ទប់ និងពិនិត្យសង់បន្ថែមបើនៅខ្វះខាត។
សម្តេចតេជោបានបង្ហោះសារដូច្នេះថា «សូមបន្តស្តាប់ការនិយាយ និងច្រៀងរបស់ចៅសាយ ស៉ីណា។ តាសូមជំរាបទៅលោកគ្រូអ្នកគ្រូ និងសិស្សទាំងអស់ នៅវិទ្យាល័យព្រែកព្នៅ ឃុំព្រែកព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ឲ្យបានជ្រាបថា តាមសំណើរបស់ចៅ សាយ ស៉ីណា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចាត់ឲ្យ នាយឧត្តមសេនីយ៍ ខេង សុមេធ ចុះទៅសាងសង់ឲ្យបានឆាប់បំផុតនៅ អាគារសិក្សា ១ខ្នង មានកំពស់បីជាន់ ៣០បន្ទប់ និងអាចសាងសង់បន្ថែម ពេលពិនិត្យឃើញនូវការខ្វះខាត»។
សូមជម្រាបថា យុវតី សាយ ស៉ីណា ដែលច្រៀងបទ «ស្ពានសាងស្នេហ៍» ដែលជាបទស្នាដៃនិពន្ធដោយផ្ទាល់របស់សម្តេចតេជោ ជាសិស្សនៅវិទ្យាល័យព្រែកព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។ បន្ទាប់ពីបានស្គាល់អត្តសញ្ញាណ សម្តេចតេជោបានព្យាយាមជួបយុវតី សាយ ស៉ីណា តាម Telegram ដើម្បីសួរនាំពីការរៀនសូត្រ និងជីវភាពគ្រួសារ ព្រមទាំងបានជួយថវិកាខ្លះសម្រាប់រូបនាង និងឪពុកម្តាយផងដែរ។
បន្ថែមពីនេះ សម្តេចបានយល់ព្រមតាមសំណើរបស់យុវតី សាយ ស៉ីណា ដែលស្នើឱ្យជួយសាងសង់អគារសិក្សា១ខ្នង វិទ្យាល័យព្រែកព្នៅ ស្រុកពារាំង ជាប្រយោជន៍រួមសម្រាប់សិស្សានុសិស្សទូទៅ៕