(កំពង់ធំ)៖ ថ្លែងក្នុងកម្មវិធីខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា២០២៤ លោក ឈុន សារ៉ន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ បានថ្លែងថា កុមារជាទំពាំងស្នងឬស្សី ជាក្តីសង្ឃឹមសម្រាប់ប្រទេសជាតិ។
ទិវា បានធ្វើឡើងនារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រោមប្រធានបទ «ការវិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើតមូលធនមនុស្ស ក្នុងយុគសម័យបរិវត្តកម្មឌីជីថល និងរួមគ្នាអនុវត្តការប្តេជ្ញាចិត្តដើម្បីបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ» ក្នុងបរិវេណសាលាបឋមសិក្សាសំរោង ភូមិសំរោង ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដោយមានការចូលពីរសំណាក់លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក អាជ្ញាធរឃុំ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រមាណជាង ២៣០នាក់
លោក ឈុន សារ៉ន បានថ្លែងថា ដើម្បីរំលឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះកុមារ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា អនុសញ្ញាស្តីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ អនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារលេខ១៨២ ស្តីពីការហាមប្រាម និងសកម្មភាពបន្ទាន់សម្រាប់ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ និងលិខិតបទដ្ឋានគតិយុត្តជាតិ និងលិខិតូបករណ៍អន្តរជាតិពាក់ព័ន្ធនឹងសិទ្ធិកុមារផ្សេងទៀត។
លោកបានបន្តថា ការយកចិត្តទុកដាក់ចំពោះសុខុមាលភាព សុវត្ថិភាព ការអភិវឌ្ឍកុមារ ការការពារកុមារពីបញ្ហាប្រឈម និងការរំលោភបំពានគ្រប់រូបភាព។ កុមារគឺជាក្តីស្រឡាញ់របស់ឪពុកម្តាយ និងក្រុមគ្រួសារ កុមារគឺជាទំពាំងស្នងឫស្សី សម្រាប់ប្រទេសជាតិមាតុភូមិ ប៉ុន្តែកុមារនៅទន់ខ្សោយណាស់ ទើបកុមារគឺជាប្រភេទមនុស្សងាយរងគ្រោះ ហេតុនេះកុមារត្រូវការនូវការមើលថែទាំជាប្រចាំ ហើយប្រសិនបើកុមារមានបញ្ហាអ្វីម្យ៉ាង ត្រូវការនូវកិច្ចអន្តរាគមន៍ជាបន្ទាន់ យ៉ាងមានប្រសិទ្ធភាព និងប្រកបដោយវិជ្ជាជីវៈ។
លោកបានបញ្ជាក់ថា កុមារត្រូវតែទទួលបានការថែទាំ អប់រំយ៉ាងយកចិត្តទុកដាក់ ទៅលើផ្នែកចំណេះដឹង ស្មារតី មនសិកាស្នេហាជាតិ សីលធម៌ សុជីវធម៍ នៅក្នុងការរស់នៅប្រចាំថ្ងៃ ហើយត្រូវនាំគ្នាប្រឆាំងដាច់ខាត រាល់ការរើសអើង ការជួញដូរ កេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទលើកុមារផងដែរ។ យើងទាំងអស់គ្នាក៏ត្រូវប្តេជ្ញាចិត្តឱ្យបានខ្ពស់ ដើម្បីបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ជំរុញដល់ការអនុវត្តសិទ្ធិកុមារ ទប់ស្កាត់អំពើហឹង្សាលើកុមារ រួមទាំងចូលរួមបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ នៅជុំវិញពិភពលោក និងនៅក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានេះដែលលោក បានសំណូមទៅដល់អាជ្ញាធរភូមិ ឃុំ ស្រុក និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តសម្របសម្រួល លើការអនុវត្តអនុសញ្ញាស្តីពីសិទិ្ធកុមារ ដោយបន្តធ្វើការផ្សព្វផ្សាយពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងកិច្ចការពារកុមារ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព៕